ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការបាក់ដំបូលព្រះវិហារគ្រិស្តក្នុងអំឡុងពេលជួបជុំដ៏ធំនៅភាគខាងជើងប្រទេសម៉ិកស៊ិកបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងរបួស៦០ នាក់ ប៉ុន្តែក្រុមអ្នករុករកបាននិយាយថា គ្មានមនុស្សផ្សេងទៀតជាប់នៅក្រោមគំនរបាក់បែកនោះទេ។
ប៉ូលិសរដ្ឋបានប៉ាន់ប្រមាណបឋមថាមានមនុស្សប្រហែល ១០០ នាក់ជាប់នៅខាងក្នុងព្រះវិហារក្នុងទីក្រុងឆ្នេរសមុទ្រ ស៊ីវដាដ ម៉ាដេរ៉ូ (Ciudad Madero) នៅពេលដែលវាបានដួលរលំអំឡុងពេលពិធីបុណ្យស្រោចទឹកលាងបាបកាលពីថ្ងៃអាទិត្យ ហើយបាននិយាយថា សមាជិកសាសនាចក្រប្រហែល ៣០ នាក់អាចជាប់នៅក្រោមគំនរបាក់បែក។
ប៉ុន្តែអភិបាលរដ្ឋថាមូលីប៉ាស (Tamaulipas) លោក អាមេរីកូ វីលឡារៀល (Americo Villarreal) ក្រោយមកបាននិយាយថាមានតែ ៧០ នាក់ប៉ុណ្ណោះដែលអាចជាប់នៅខាងក្នុង។ លោកបានបន្តថា បន្ទាប់ពីបញ្ជូនឆ្កែហិតក្លិននិងម៉ាស៊ីនថតរូបភាពកម្ដៅក្រោមផ្ទាំងបេតុងដែលបាក់នោះ វាហាក់ដូចជាគ្មានអ្នកណាជាប់ទៀតឡើយក្រៅពីសាកសពទាំង១០ នាក់ដែលបានយកចេញរួចហើយ។
លោកវីលឡារៀលបាននិយាយថា “អ្វីដែលទំនងបំផុត ខ្ញុំមិនអាចបញ្ជាក់បាន ១០០% នោះទេ គឺមិនមានមនុស្សជាប់ក្រោមនោះទៀតទេ។” ដោយពណ៌នាអំពីការស្វែងរកដោយសត្វឆ្កែនិងក្រុមជួយសង្គ្រោះ គាត់បាននិយាយថា “មិនមានការចង្អុលបង្ហាញអំពីជីវិតនៅក្នុងតំបន់ដែលដួលរលំនោះទេ។”
សុទិដ្ឋិនិយមនោះនឹងត្រូវបានធ្វើតេស្តិ៍សាកល្បង នៅពេលដែលម៉ាស៊ីនស្ទូចចាប់ផ្តើមលើកបំណែកបេតុងដែលដួលរលំចេញពីកម្រាលឥដ្ឋ។
ការិយាល័យអ្នកនាំពាក្យសន្តិសុខរដ្ឋបាននិយាយកាលពីព្រឹកថ្ងៃចន្ទថា អ្នករបួស ២៣ នាក់ក្នុងចំណោម ៦០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការដួលរលំបានកើតឡើងនៅព្រះវិហារសាន់តាគ្រូស (Santa Cruz) ក្នុងទីក្រុងស៊ីវដាដ ម៉ាដេរ៉ូ ជាប់នឹងទីក្រុងកំពង់ផែ តាមពីកូ (Tampico) ខណៈដែលពិធីបុណ្យស្រោចទឹកលាងបាបដ៏ធំកំពុងត្រូវបានប្រារព្ធឡើង។
អ្នកស្លាប់បីនាក់ជាកុមារ ហើយក្នុងបញ្ជីអ្នករងរបួសរួមមាន ទារកអាយុបួនខែម្នាក់ កុមារអាយុប្រាំឆ្នាំបីនាក់ និងកុមារអាយុប្រាំបួនឆ្នាំពីរនាក់៕
ដំបូលព្រះវិហារសាន់តាគ្រូសរលំកាលពីថ្ងៃចន្ទ