ដោយ: ពៅនិមល/ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ បានទទួលជួបសម្តែងការគួរសមជាមួយ លោក ដាតុក អេឌីន ហ៊ូសាយនិ ម៉ូហាហ៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធពាណិជ្ជកម្មកសិកម្ម។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ដ្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈអនុសារណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៦មក។ ទាក់ទងនឹង MOU នេះ ភាគីម៉ាឡេស៊ី បានបង្ហាញពីបំណងជំរុញការអនុវត្ត MOU នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
នៅក្នុងពាណិជ្ជកម្មកសិកម្ម លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះភាគីម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត លោករដ្ឋមន្ដ្រី លើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ ចំណែកកសិផលសម្រាប់នាំចេញ អ្នកវិនិយោគអាចពិចារណាធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករខ្មែរ ដើម្បីឱ្យកសិករខ្មែរដាំដុះដំណាំស្របទៅតាមតម្រូវការទីផ្សាររបស់ប្រទេសម៉ាឡេស៊ី៕/r