ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ :កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យនិងកងពលតូចថ្មើរជើងលេខ៥១ ចុះជួយច្រូតស្រូវដែលរងគ្រោះដោយទឹកជំនន់ជូនប្រជាពលរដ្ឋនៅឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

សកម្មភាពនោះធ្វើឡើងកាលពីថ្ងៃទី០១ -០២ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានការស្នើសុំពីប្រជាកសិករ មន្ត្រីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានដឹកនាំកម្លាំងអន្តរាគមន៍រាប់រយនាក់តំបន់ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ឈ្មោះ វឹង សាន ភេទប្រុស អាយុ ៦៣ឆ្នាំ និងឈ្មោះ ង៉ា វិត ភេទប្រុស អាយុ ៥៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី ។

ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១ទេ អង្គភាពតែងចុះជួយបែបនេះជារៀងរាល់ពេលឬរដូវជួបការលំបាក ។ 

វាក៏ជាការផ្សាភ្ជាប់រវាងកងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ឈរជើង ។ នៅថ្ងៃនេះ កម្លាំងចុះជួយច្រូតបានលើទំហំដី ចំនួនប្រាំហិកតា ។

ចំណែកកម្លាំងឧត្តមសេនីយ៍យត្រី សឹង្ហ ទុំ  មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកម្លាំងជិត២០០នាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅឃុំចំណោមនោះដែរ បានជាងប្រាំហិកតា ។

កងកម្លាំងអះអាងថា ត្រូវត្រៀមលក្ខណអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឬយថាហេតុផ្សេងៗ៕សរន / N