ដោយ: ភ្នំខៀវ/បាត់ដំបង: ទឹកជំនន់នៅក្នុងភូមិសាស្ត្រតាមបណ្តោយព្រំដែនបានបង្ខំឲ្យអាជ្ញាធរស្រុកភ្នំព្រឹកធ្វើការជម្លៀសប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារនាំទៅកាន់ទីទួលមានសុវត្ថិភាពបង្ការគ្រោះថ្នាក់ផ្សេងៗ។
លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹកមានភូមិចំនួន២ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំងក្នុងនោះមានភូមិអូរ និងភូមិភ្នំតូច ក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។
ឥទ្ធិពលនៃជំនន់ទឹកភ្លៀងជោកជំាបានកើតឡើងតាំងពីយប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលាកន្លងមកនេះបានបង្ខំឲ្យលោកចុះដឹកនាំមន្ត្រីនិងកម្លាំងគណ:បញ្ជាការស្រុកចុះប្រចាំការតំបន់ដែលត្រូវប្រុងប្រយ័ត្ន និងបានអន្តរាគមន៍ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីភូមិឋានចំនួន១៣១គ្រួសារ ស្មើ៦៥៥នាក់នាំទៅកាន់ទីទួលមានសុវត្ថិភាពត្រង់ភូមិខ្ពស់ៗក្បែរគ្នា។
មន្ត្រីមូលដ្ឋានខាងលើបន្តថា មកទល់រសៀលថ្ងៃទី៣ ខែតុលានេះទឹកជំនន់បានស្រក ហើយស្ថានការណ៍បានធូរស្រាលបន្តិចហើយ ប្រសិនបើយប់នេះ ឬនៅថ្ងៃស្អែកផ្ទៃមេឃរាំងលែងភ្លៀងនោះជំនន់អាចនឹងធូរស្រាលប្រសើរឡើងវិញ៕ P / N