ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន បាន​ទូរស័ព្ទ​ទៅកាន់​សម្ពន្ធមិត្ត​សំខាន់ៗ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធានា​ពួក​គេ​ឡើង​វិញ​អំពី​ការ​បន្ត​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​សម្រាប់​អ៊ុ​យក្រែន បើទោះបីជា​ភាពចលាចល​ខាង​នយោបាយ​ជា​ថ្មី​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បានដាក់​ជំនួយ​ផ្នែក​យោធា​ថ្មី​នៅក្នុង​ហានិភ័យ​កាន់តែ​ជ្រៅ​ក៏​ដោយ​។​

​លោកបៃ​ដិនបាន​និយាយ​ជាមួយ​មេដឹកនាំ​លោកខាងលិច​ដើម្បី​រំងាប់​អារម្មណ៍ បន្ទាប់​ពី​ជំនួយ​ថ្មី​សម្រាប់​អ៊ុយ​ក្រែន​ត្រូវបាន​ដកចេញ​ពី​កិច្ចព្រមព្រៀង​នៅក្នុង​សភា​អាម៉េរិក ដើម្បី​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍ ចំ​ពេល​មាន​ការប្រឆាំង​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​រឹងរូស​។​

​ប៉ុន្តែ​ក្តីសង្ឃឹម​របស់​លោកបៃ​ដិន​នៃ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​ការជំរុញ​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ច្បាប់​ថវិកា​ថ្មី​សម្រាប់​អ៊ុយ​ក្រែន​បាន​ធ្លាក់​ចូលទៅក្នុង​ភាពច្របូកច្របល់​ភ្លាមៗ​បន្ទាប់​ពី​ការតេ​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ នៅពេល​ដែល​ក្រុម​អ្នកនយោបាយ​រឹងរូស​ដូចគ្នា​នេះ​បាន​បណ្តេញ​ប្រធាន​សភា​មកពី​បក្ស​សាធារណរដ្ឋ លោក ខេ​វិន ម៉ាក់​ខា​ធី (Kevin McCarthy) ក្នុង​ការបះបោរ​មួយ​។​

​សេត​វិមាន​បាន​និយាយថា ជាមួយ​ភាពចលាចល​កំពុង​គំរាមកំហែង​ដល់​ការងារ​នីតិបញ្ញត្តិ លោកបៃ​ដិនបាន​ជំរុញ​ឱ្យ​បោះឆ្នោត​រហ័ស​ដើម្បី​ជ្រើសរើស​ប្រធាន​សភា​ថ្មី ដើម្បី​ទប់ទល់​នឹង “​បញ្ហា​ប្រឈម​បន្ទាន់​ជាច្រើន​ដែល​ប្រទេសជាតិ​របស់​យើង​កំពុង​ជួបប្រទះ​។​”

​ប្រធានាធិបតី​អាម៉េរិក​មុននេះ​បាន​ទូរស័ព្ទ​ទៅ​មេដឹកនាំ​នៃ​សម្ពន្ធមិត្ត​សំខាន់ៗ ដូចជា អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ប៉ូឡូញ រូ​ម៉ា​នី ប្រមុខ​សហភាព​អឺរ៉ុប និង​ណា​តូ និង​រដ្ឋមន្ត្រី​ការបរទេស​បារាំង​។​

​សេត​វិមាន​បាន​និយាយថា “​ប្រធានាធិបតីបៃដិ​ន​បាន​អះអាងសា​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​របស់ស​ហ​រដ្ឋ​អាម៉េរិក​ក្នុង​ការគាំទ្រ​អ៊ុយ​ក្រែនជា​ដរាប ខណៈ​ដែល​ពួកគេ​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន ស្រប​ពេល​មេដឹកនាំ​ប្រទេស​ផ្សេងទៀត​បាន​បន្ទរ​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ផងដែរ​៕”

លោកបៃ​ដិន​អះអាង​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​គាំទ្រ​អ៊ុយ​ក្រែនជា​ដរាប