ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះជាង៤.០០០ខ្នងនៅថៃភាគកណ្តាលនៅសប្តាហ៍នេះ នេះបើតាមការអះអាងរបស់មន្ត្រីថៃកាលពីថ្ងៃអង្គារក្រោយទឹកទន្លេមួយឡើងហូរហៀរចូលភូមិស្រុកបន្ទាប់ពីមានការធ្លាក់ភ្លៀងខ្លាំង។
សូមបញ្ជាក់ថា ខេត្តថៃជាង៣០បានជួបជំនន់ទឹកភ្លៀងចាប់តាំងពីខែកញ្ញាមកនិងខេត្តថៃចំនួនប្រាំនៅក្នុងទឹកជំនន់នៅឡើយ ដោយនាំអោយមនុស្សជាង១៥.៩០០គ្រួសារជាប់នៅកណ្តាលទឹក។
តំបន់តាមមាត់ទន្លេក្នុងក្រុងបាងកកក៏ប្រឈមការជន់លិចនៅពេលពួកមន្ត្រីបានព្រមានថា ការធ្លាក់ជាបន្តអាចនាំអោយជន់លិចផ្នែកខ្លះនៃទីក្រុងនេះ។
នៅក្នុងខេត្ត ស៊ូខូថៃ(Sukhothai )ចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីក្រុងបាងកក ការធ្លាក់ភ្លៀងខ្លាំងនាំអោយទឹកទន្លេយុំ( Yom)ឡើងហៀរច្រាំងពន្លិចផ្ទះជាង៤.៣០០ និងប៉ះពាល់មនុស្សប្រមាណ៥.០០០នាក់។
អ្នកស្រុកម្នាក់បាននិយាយថា «ជំនន់ឆ្នាំនេះខ្លាំងបំផុតមិនដែលធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រក្រោយការធ្លាក់ភ្លៀងបួនថ្ងៃជាប់ៗគ្នា»។
ពួកមន្ត្រីបាននិយាយថា ការជន់លិចនេះប៉ះពាល់ដីស្រែជាង១៦០គីឡូម៉ែត្រការ៉េ និងអាជ្ញាធរកំពុងរកវិធីដោះស្រាយការជន់លិចនេះតែ«សង្ឃឹមខ្លាំងលើទឹកទន្លេស្រក»ប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន បាននិយាយថា ការធ្លាក់ភ្លៀងអូសបន្លាយនិងជំនន់ទឹកភ្លៀងពេលនេះគួរអោយព្រួយបារម្ភនិងថាលោកបានទាក់ទងទៅកាន់ទីភ្នាក់ងារពាក់ព័ន្ធសំរាប់ការជួយសង្រ្គោះនិងត្រៀមចាត់វិធានការជួយអ្នកស្រុកក្រោយទឹកជំនន់៕
លោកស្រេតថា ត្រូវចុះទៅកាន់ខេត្តអ៊ូនប៊ុន រ៉ាតចាថានី កន្លែងដែលគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះ