ដោយ: ភ្នំខៀវ/បាត់ដំបង: ជំនន់ទឹកភ្លៀងតំបន់ព្រំដែនស្រុកភ្នំព្រឹក ស្រកចុះតែ ទឹកជំនន់នៅផ្នែកខាងក្រោមបានបន្តហក់ឡើងប៉ះពាល់លិចលំនៅឋានពលរដ្ឋក្នុងស្រុកកំរៀងជាង៤០០គ្រួសារ។

មន្ត្រីអាជ្ញាធរស្រុកកំរៀងបានឲ្យដឹងថា ក្នុងភូមិសាស្ត្រស្រុកកំរៀង ទឹកភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣កន្លងមកនេះបានបង្កជាជំនន់ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋចំនួន៤ ឃុំ ស្មើប្រជាជនចំនួន៤៤៤គ្រួសារ។

ភូមិសាស្ត្រដែលប៉ះពាល់ជនលិចដោយទឹកភ្លៀងនេះរួមមាន ឃុំអូរដា ប៉ះពាល់ ៧៦ខ្នង, ឃុំត្រាងប៉ះពាល់ ១៤១ខ្នង, ឃុំតាសែនជន់លិចចំនួន៩៦ខ្នង និងឃុំតាក្រី ជន់លិចចំនួន១៣១ខ្នង។

លោក សុខ ដែន អភិបាលស្រុកកំរៀងប្រាប់ឲ្យដឹងនៅថ្ងៃទី៤ ខែតុលានេះថានៅព្រឹកនេះទឹកភ្លៀងនៅតែបន្តធ្លាក់ និងរលឹមដោយកន្លែង ។ចំណែកឯកម្ពស់ទឹកជំនន់ក៏នៅតែបន្តជន់ និងកើនឡើង។ ជាមួយគ្នាលោកបានប្រើប្រាស់កម្លាំងគណ:បញ្ជាការស្រុកជាច្រើនចុះប្រចាំការតាមគោលដៅដែលត្រូវប្រុងប្រយ័ត្នទាំងអស់ហើយផងដែរដើម្បីបង្ការអន្តរាគមន៍ជួយសង្គ្រោះ៕srn / N