ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឡាវ ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ។

នាឱកាសនោះ លោក សនសៃ ស៊ីផាន់ដន បានថ្លែងនូវការស្វាគមន៍ចំពោះ គណៈប្រតិភូ ជាន់ខ្ពស់ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានមកបំពេញទស្សនកិច្ច នៅឡាវ ក្នុងឱកាសនេះ ដែលជាការរួមចំណែកដ៏សំខាន់ ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រីឡាវ ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ អគ្គបញ្ជាការដ្ឋាន បានចូលជួបសម្ដែងការគួរសម និងបានជម្រាបជូន ពីស្ថានភាពមួយចំនួន នៅកម្ពុជា ពិសេសការបញ្ចប់សង្គ្រាមរុំារែ នៅកម្ពុជា ហើយនាំមកនូវសន្តិភាព ពេញលេញ, ជោគជ័យការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជោគជ័យការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជោគជ័យ ដំណើរការបោះ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧។

ជាមួយនោះ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជម្រាបជូនពីលទ្ធផលជំនួប ពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ ដែលប្រព្រឹត្តទៅទទួល បានលទ្ធផលល្អ នៅក្នុងការបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរល្អ ពិសេសវាង កងកម្លាំងប្រទេសទាំងពីរ នៅតំបន់ព្រំដែន។

លោក នាយករដ្ឋមន្ត្រីឡាវ បានគាំទ្រការលើកឡើងរបស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានបង្ហាញពីទឹកចិត្តដ៏ស្មោះស បន្តរួមគ្នាពូនជ្រុំចំណងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ឈរលើស្មារតី នៃភាពជាអ្នកជិតខាងល្អ ព្រមទាំងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា តែងបានជួយដល់ឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារ បរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

បន្ទាប់មក នៅក្នុងថ្ងៃដដែលនោះដែរ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម ជាមួយលោក នាយឧត្ដមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ផងដែរ ដែលក្នុងជំនួបនោះ លោកនាយឧត្តមសេនីយ៍ ចាន់ សាម៉ន បានសម្តែងនូវការស្វាគមន៍ ដល់ដំណើរបំពេញទស្សនកិច្ច របស់កងយោពលខេមរភូមិន្ទ មកកាន់ប្រទេសឡាវ និងបានថ្លែងអំណរគុណដល់ កងយោធពលខេមរភូមិន្ទ ដែលកន្លងមក បានបញ្ជូនកម្លាំង មកចូលរួមធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះ គ្រោះហន្តរាយ នៅប្រទេសឡាវ បានផ្ដល់បទ ពិសោធន៍ល្អៗ ដល់កងទ័ពប្រជាជនឡាវ ដើម្បីជាទុនក្នុងការចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ ផ្សេងៗកើតឡើង៕ V / N