ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកទន្លេ នៅគ្រប់ស្ថានីយជសាស្ត្រ ចាប់ផ្តើមស្រកចុះ បន្ទាប់ពីបានឡើងដល់ ត្រឹមកម្ពស់ចុងក្រោយ នៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ ៨,១៧ ម៉ែត្រ នៅថ្ងៃទី ៤ ខែតុលា ព្រមពេលប្រព័ន្ធសម្ពាធទាប នៅលើប្រទេសកម្ពុជា បានរំកិលឡើងទៅលើ (ជើង) ដោយសារកម្លាំង ស្រូបទាញ របស់ព្យុះ ទី១៤ ដែលកំពុងមានសកម្មភាព នៅខាងកើតកោះតៃវ៉ាន់ ក្នុងកម្រិតជាព្យុះទីហ្វុង
(TY) ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ថា ទឹកទន្លេនៅគ្រប់ស្ថានីយជលសាស្ត្រ ចាប់ផ្តើមស្រកចុះមានល្បឿនលឿន បន្ទាប់ពីទឹកនៅស្ថានីយ ជលសាស្ត្រ នៅទន្លេបាសាក់ ចតុមុខ បានឡើដល់កម្ពស់ ៨,១៧ ម៉ែត្រ រួចមក។
ចំណែកឯប្រព័ន្ធសម្ពាធទាប នៅលើប្រទេសកម្ពុជា កាលពីថ្ងៃទី ៣ ខែតុលានោះ លោក ចាន់ យុត្ថា បញ្ជាក់ថា នៅថ្ងៃទី ៤ ខែតុលា នេះ វាបានរំកិលឡើងទៅលើ (ជើង)វិញ ដោយសារកម្លាំងស្រូប របស់ព្យុះទី១៤ បានបង្កើនឥទ្ធិពលដល់កម្រិត TY នៅពេលវាដើរមកជិតខាងកើតកោះតៃវ៉ាន់ នាព្រឹកថ្ងៃទី ៤ ខែតុលានេះ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៤ខែតុលា បានជូនដំណឹងថា ប្រព័ន្ធសម្ពាធ ទាបបានអូសបន្លាយលើ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ឯព្យុះទី១៤ ឈ្មោះ កយនុយ ដែលនឹងដើរកាត់ លើភាគខាងត្បូងកោះ តៃវ៉ាន់ និងអស់ឥទ្ធិពល នៅពេលដើរទៅ ដល់ហុងកុង នៅថ្ងៃទី៨ខែតុលា ដោយគ្មានឥទ្ធិពល អ្វីដល់ប្រទេសកម្ពុជាទេ។
ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា នៅអំឡុងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា នៅលើរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ នៅលើផ្ទៃរងទឹក ភ្លៀង ពី ៤០ ទៅ ៦០ ភាគរយ នៃផ្ទៃដីសរុប។
តាមព្រឹត្តិបត្តិព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញថា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង មានកម្ពស់ ៧,៩៦ ម៉ែត្រ ទាបជាងថ្ងៃទី ៣ ខែតុលា ០,២៦ ម៉ែត្រ នៅខេត្តក្រចេះ ទឹកមានកម្ពស់ ១៨,៩២ ម៉ែត្រ ទាបជាងថ្ងៃទី ៣ ខែតុលា ០,០១ ម៉ែត្រ នៅកំពង់ចាម ទឹកមានកម្ពស់ ១២,៦១ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៣ ខែតុលា ០,០៤ ម៉ែត្រ នៅចតុមុខ ទឹកមានកម្ពស់ ៨,១៧ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៣ ខែតុលា ០,០៨ ម៉ែត្រ នៅអ្នកលឿង ទឹកមានកម្ពស់ ៥,៩៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៣ ខែតុលា ០,០៣ ម៉ែត្រ នៅទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ៧,១២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៣ តុលា០,០៣ ម៉ែត្រ នៅទន្លេសាប ព្រែកក្តាម ទឹកមានកម្ពស់ ៧,២១ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៣ ខែតុលា ០,០៩ ម៉ែត្រ នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៦,៤២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៣ ខែតុលា ០,០៧ ម៉ែត្រ។
កម្ពស់ទឹកដែលត្រូវប្រកាស ឱ្យមានការប្រុងប្រយ័ត្ន នៅស្ទឹងត្រែង នៅកម្ពស់ ១០,៧០ ម៉ែត្រ នៅក្រចេះ កម្ពស់ ២២ ម៉ែត្រ នៅកំពង់ចាម នៅកម្ពស់ ១៥.២០ ម៉ែត្រ នៅភ្នំពេញចតុមុខ នៅកម្ពស់ ១០,៥០ ម៉ែត្រ នៅអ្នកលឿង នៅកម្ពស់ ៧,៥០ ម៉ែត្រ នៅកោះខែល នៅកម្ពស់ ៧,៩០ ម៉ែត្រ និងនៅព្រែកក្តាម នៅកម្ពស់ ៩,៥០ ម៉ែត្រ។
តាមការព្យាករ ដដែល សម្រាប់ថ្ងៃទី ៦ ខែតុលា ទឹកនៅខេត្តស្ទឹងត្រែង អាចស្រកមក នៅកម្ពស់ ៧,៤៥ ម៉ែត្រ នៅខេត្តក្រចេះ ទឹកអាចស្រកមកនៅកម្ពស់ ១៨,២៦ ម៉ែត្រនៅកំពង់ចាម ទឹកអាចស្រកមកនៅកម្ពស់ ១២,៣៤ ម៉ែត្រ នៅចតុមុខ ទឹកអាចស្រកមក នៅកម្ពស់ ៨,១៥ ម៉ែត្រ នៅអ្នកលឿង ទឹកអាចឡើងដល់កម្ពស់ ៥,៩៦ ម៉ែត្រនៅទន្លេបាសាក់ កោះខែល ទឹកអាចស្រកមកនៅកម្ពស់ ៧,១២ ម៉ែត្រ និងនៅទន្លេសាប ព្រែកក្តាម ទឹកអាចស្រកមកនៅកម្ពស់ ៧,១២ ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍កម្ពស់ទឹកទន្លេ កាលពីដើមរដូវវស្សា ឆ្នាំ២០២៣ថា ទឹកទន្លេមេគង្គ នៅចតុមុខ ក្នុងរដូវវស្សានេះ អាចឡើងដល់កម្ពស់ ៨,៣៥ ម៉ែត្រ ជាប្រភេទជំនន់តូច៕ V / N