ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការណាសាគ្រោងបង្កើត Airbnb នៅក្រៅភព។
ទីភ្នាក់ងារអវកាសអាម៉េរិកនេះបានផ្តល់ប្រាក់៦០លានដុល្លារដល់ក្រុមហ៊ុនបច្ចេកវិជ្ជាសំណង់មួយដើម្បីសាងសង់ផ្ទះមួយខ្នងនៅលើឋានព្រះចន្ទនៅត្រឹមឆ្នាំ ២០៤០ ដែលមិនត្រឹមតែសម្រាប់អវកាសយានិកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជនស៊ីវិលធម្មតាផងដែរ។
ផែនការនេះគឺដើម្បីដាក់ម៉ាស៊ីនបោះពុម្ព 3D ដ៏ធំទៅកាន់ព្រះចន្ទ ហើយប្រើប្រាស់បេតុងព្រះចន្ទដែលផលិតពីថ្ម បំណែកសារធាតុរ៉ែ និងធូលី ដើម្បីក្រាលនៅបាតសំណង់។
ណាសាក៏កំពុងធ្វើការជាមួយសាកលវិទ្យាល័យនិងក្រុមហ៊ុនឯកជននានា ដើម្បីសាងសង់ទ្វារ ក្បឿង និងគ្រឿងសង្ហារឹមសម្រាប់ឋានព្រះចន្ទផងដែរ។
របៀបវារៈនេះរួមបញ្ចូលទាំងការបង្កើតលំនៅមួយនៅលើភពព្រះអង្គារសម្រាប់វីរបុរសអវកាសដែលនឹងរស់នៅលើភពក្រហមនេះនៅថ្ងៃណាមួយ។
ផែនការនេះកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងបំផុតនៅឡើយ ដោយមានតែការបង្ហាញតិចតួចប៉ុណ្ណោះចាប់ពីឆ្នាំ ២០២២ ដូចជារូបភាពផ្ទះគំរូ ដែលអាចនឹងផ្លាស់ប្តូរវិញក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
ហើយអង្គការណាសាមិនបានចែករំលែកថា ខ្លួននឹងគិតប្រាក់ប៉ុន្មានសម្រាប់ជនស៊ីវិល សម្រាប់ការស្នាក់នៅក្នុងផ្ទះលើឋានព្រះចន្ទនោះទេ៕
គំរូផ្ទះលើឋានព្រះចន្ទ