តារា​ជាច្រើន រួមគ្នា​ប្រគំ​តន្ត្រី ស្វែងរក​ការគាំទ្រ ជួយ​ជនរងគ្រោះ ដោយ​ទឹកជំនន់​

1192
ចែករម្លែក

(​ភ្នំពេញ​)៖ តារាចម្រៀង​ប្រុស​ស្រី​ល្បីៗ ជាច្រើនរូប នឹង​រួមគ្នា ស្ម័គ្រចិត្ត​ច្រៀង​ដោយ​មិន​គិត​កម្រៃ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។ ការប្រគំ តន្ត្រី​លក់​សំបុត្រ ក្នុងតម្លៃ​ត្រឹម ១ ម៉ឺន​រៀល​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន សេ​វេន​ប្រាយ ជិត​ផ្សារ​មាន់​អាំង ដោយមាន​វត្តមាន​តារា​ប្រុស​ស្រី ប្រមាណ ៦៦ នាក់ បង្ហាញខ្លួន​លើ​ឆាក​តន្ត្រី​ស្វែងរក​ការគាំទ្រ​ពី​មហាជន​។

​លោក ឈួន សុខ​លីម អ្នកសម្របសម្រួល​កម្ម​វិធី​ប្រគំ​តន្ត្រី “​ការប្រគំ​តន្ត្រី​ចែករំលែក​ក្តីសង្ឃឹម​” បាន​បញ្ជាក់ថា ដោយសារតែ​សិល្បករ​ជាច្រើន បានបង្ហាញ​ក្តី​អាណិត ចង់​ចូលរួម​រំលែក​ទុក្ខ​លើក ទឹកចិត្ត ដល់​ប្រជាជន​ខ្មែរ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទើប​លោក និង​ពួកគាត់​សម្រេចចិត្ត​រៀបចំ ព្រឹត្តិការណ៍​មួយ​នេះ​ឡើង​។ លោក​នៅ​ចងចាំ​សម្តី​តារាចម្រៀង ខាត់ សុ​ឃីម បាន​និយាយថា មិន​ចង់​ឲ្យ​មហាជន យល់ថា អ្នកសិល្បៈ​ស្រែក​រកតែ​ជំនួយ ស្រែក​រកតែ​លុយ ពេល​ធ្លាក់ខ្លួន ប៉ុន្តែ​ពេលនេះ សិល្បករ​ចង់​ស្រែក​រក​ជំនួយ​ដែរ ប៉ុន្តែ​មិនមែន​សម្រាប់​ខ្លួន​គាត់​ទេ គឺ​ចង់បាន​ការជួយ ដល់​សង្គម ពិសេស​ពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​”​។

​លោក​បាន​បន្តថា សិល្ប​ករទាំង ៦៦ នាក់ មិន​ត្រឹមតែ​ចូលរួម​ច្រៀង ដោយ​មិន​គិត​ប្រាក់​ទេ គឺ​ថែមទាំង​មាន​ទឹកប្រាក់​ផ្ទាល់ខ្លួន ដើម្បី​បរិច្ចាគ​ផងដែរ ហើយ​ពួកគាត់ នឹង​ជួយ​ផ្សាយ​ផ្ទាល់ (Live) តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដើម្បី​ស្វែងរក​ជំនួយ និង​ការលក់​សំបុត្រ ដែល​ជំនួយ​មិន ត្រឹមតែ​ថវិកា​ទេ គឺ​សូម្បីតែ​ទឹកត្រី​មួយ​ដប ក៏​ពួកគាត់​ប្តេជ្ញា​ថា នឹង​ទៅយក​ដើម្បី​ជួយ​ដល់ ពលរដ្ឋ​ខ្វះខាត​ដែរ​។

​លោក​បាន​និយាយថា សំបុត្រ នឹងត្រូវ​ប្រកា​សលក់ ក្នុងតម្លៃ​មួយ​ម៉ឺន​រៀល​តាមរយៈ​សិល្បករ និង​ទីតាំង​ហាង​មួយ ចំនួន​នៅ​ភ្នំពេញ​។​

​លោក​បាន​បន្ថែមថា កម្មវិធី​ប្រគំ​តន្ត្រី​នេះ នឹង​ចែកចេញជា ៣ វគ្គ ដែល​មួយ​វគ្គៗ ប្រមូលផ្តុំ​ដោយ សិល្បករ​ផ្សេងៗ​ពីគ្នា​។ លោក​រំពឹង​ដែរ​ថា កម្មវិធី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​ទស្សនិកជន ពិសេស​អ្នកគាំទ្រ​តារាចម្រៀង​ខ្មែរ​ដែល​ពួកគេ មិន​ត្រឹមតែ​បាន​ជួប​តារា ក្នុង​ដួងចិត្ត​ពួកគេ ដោយ ផ្ទាល់​ទេ ក៏​នឹង​អាច​ចូលរួមចំណែក​ជួយ​ដល់​ប្រជាជន ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជីវភាព ព្រោះ​ទឹកជំនន់​។

​លោក​បាន​បន្តថា ក្រុមការងារ គ្រោង​នឹង​ប្រមូល​ថវិកា ដែល​ទទួលបាន​ទិញ​ជា​សម្ភារ អាហារ ពិសេស​អង្ករ និង​មី ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ពិសេស​នៅ​ខេត្តស្ទឹងត្រែង ជាដើម​៕ ដោយ​៖ បូ​រិ​ន​