ដោយ:ពៅនិមល/ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤១៩,០៤៤នាក់ ចំនួនកូន ៤០៦,០១២នាក់ បានចំណាយថវិកាចំនួនប្រមាណ ៤១.២លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍សង្ខេបរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភកម្មករនិយោជិតជាស្ត្រីតាំងពីមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ ដោយទទួលបានការឧបត្ថមសាច់ប្រាក់សរុបចំនួន ១.៩២លានរៀល ដែលមានទាំងការឧបត្ថម្ភមុនពេល និងក្រោយពេលសម្រាល និងការឧបត្ថមចំពោះការសម្រាលបានកូន១ កូនភ្លោះ២ និងកូនភ្លោះ៣។
ដោយឡែក បើតាមគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបានចំណាយថវិកាជិតបីលានដុល្លារអាមេរិក ដើម្បីជួយកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១០,០៦២នាក់ កូនចំនួន ៩,៦៨៥នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៤០,៣៩៣នាក់ ដែលគ្រាន់តែរយ:ពេល២ខែប៉ុណ្ណោះ។
សូមជម្រាបជូនថា ក្រៅពីការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណិត្តទី៧ នៃរដ្ឋសភា បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាក់ព័ន្ធ និងតំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីគិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី បានយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ៕សរន/r