ដោយៈ គង់ហេង / កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្តល់ការចាប់អារម្មណ៍លើការងារមួយចំនួន ពាក់ព័ន្ធសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់។

លោកអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងនោះ រួមមាន៖ ១/គម្រោងវិនិយោគ កំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់ មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្ម នាពេលនេះ គឺជាផែនការ សម្រាប់អនុវត្ត នៅឆ្នាំ២០២៤-២០២៦ សំណូមពរលោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលក្រុង ស្រុក និងអង្គការមិនមែនរដ្ឋាភិ បាល ជំរុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រ ត្រូវបញ្ចប់តាមកាល កំណត់។

២/ មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបាន ពីថ្នាក់ជាតិ តាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃគូនានា បន្តផ្ដល់ការគាំទ្រដល់ គម្រោងសកម្មភាពអាទិភាព របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ បន្ថែមទៀត។

៣/ លោកអភិបាលក្រុង ស្រុក ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំ សង្កាត់ ដែល បានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញថា តើគម្រោង ណាខ្លះ បានទទួលការគាំទ្រ និងគម្រោងណាខ្លះ ដែលមិនទទួលបានការគាំទ្រ ត្រូវប្រើ ប្រាស់ មូលនិធិរបស់ក្រុង​ស្រុក ដើម្បីដោះស្រាយបញ្ហាជាអាទិភាព របស់ប្រជាជន។ ៤/ យើងត្រូវបន្តធ្វើការអភិវឌ្ឍ ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាល ភាព និងការងារអប់រំ សិក្សាធិការជាមូលដ្ឋាន ។

៥/ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ការផ្តល់ចំណាប់អារម្មណ៍របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្វើឡើង នៅក្នុងសុន្ទរកថា ពីរទំព័រ ដូចបានជម្រាបជូនខាងលើ នៅក្នុងឱកាសដែល លោក បានដឹកនាំសហការីជាច្រើនរូប បានអញ្ជើញចូលរួម ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ( ២០២៤-២០២៦) របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ នៅមន្ទីរផែនការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៤ តុលា នេះ៕/V/r