ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ នាយករដ្ឋមន្ត្រីថៃនៅថ្ងៃពុធទី៤តុលានេះបានប្តេជ្ញា«ចាត់វិធានការបង្ការ»នៅមួយថ្ងៃក្រោយការបាញ់ប្រហារនៅផ្សារក្នុងក្រុងបាងកកមួយដែលបណ្តាលអោយស្លាប់ជនបរទេសពីរនាក់ និងរបួសមនុស្សប្រាំនាក់ ដែលនាំអោយមានការចោទជាសំណួរអំពីការគ្រប់គ្រងអាវុធនៅក្នុងព្រះរាជាណាចក្រនេះ។
អ្នកដើរផ្សារនិងទេសចរបានវិលមកវិញទាំងខ្លាចរអានៅពេលផ្សារស៊ីយ៉ាម ផារ៉ាហ្កន(Siam Paragon)បានបើកទ្វារឡើងវិញនៅមិនដល់២៤ម៉ោងផងក្រោយការបាញ់ប្រហារដោយយុវជនថៃម្នាក់ ដែលរបាយការណ៍ជំហានដំបូងបង្ហាញថាជនល្មើសជាមនុស្សមានបញ្ហាខួរក្បាលដែលកំពុងប្រើថ្នាំព្យាបាល។
ការបាញ់ប្រហារនេះកើតឡើងនៅផ្សារធំនិងប្រណិតបំផុតមួយនៅក្រុងបាងកក និងជាការវាយប្រហារដោយអាវុធសម្លាប់មនុស្សច្រើនបំផុតទីបីនៅរយៈពេលបួនឆ្នាំមកនេះ។វាក៏កើតឡើងចំពេលរដ្ឋាភិបាលថៃខិតខំដាក់ចេញវិធានការបន្តបន្ទាប់ដើម្បីទាក់ទាញទេសចរបរទេសអោយចូលមកក្នុងប្រទេសខ្លួនកាន់តែច្រើន។
នៅផ្សារSiam Paragonលោកនាយករដ្ឋមន្ត្រីស្រេតថា ថាវីស៊ីន បានចូលរួមពិធីស្មឹងស្មាធមួយនាទីមុនសម្តែងការចូលរួមមរណទុក្ខពីរដ្ឋាភិបាលថៃចំពោះគ្រួសារអ្នកស្លាប់ជាស្ត្រីពីរនាក់ ម្នាក់ជាទេសចរចិននិងម្នាក់ទៀតជានិយោជិតមីយ៉ាន់ម៉ា ដែលធ្វើការនៅទីនោះ។
លោកបាននិយាយថា« ខ្ញុំជឿថា ផ្សារSiam Paragonនិងមន្ត្រីរដ្ឋាភិបាលខិតខំអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់និងរបួសអោយមកនៅទាបបំផុត។សូមអោយវាជាលើកចុងក្រោយទៅចុះ រដ្ឋាភិបាលរបស់ខ្ញុំនឹងចេញវិធានការ»។
ប៉ូលិសបាននិយាយថា ជនល្មើសត្រូវបានចោទប្រកាន់ពីបទឃាតកម្ម កាន់កាំភ្លើងខុសច្បាប់និងបាញ់នៅទីសាធារណៈ តែក្មេងនេះនឹងត្រូវនាំទៅពិនិត្យថាតើមានសតិគ្រប់គ្រាន់ដើម្បីឡើងសវនាការកើតដែរឬអត់ដោយសារអ្នកស៊ើបអង្កេតបានរាយការណ៍ថា វាមានជំងឺផ្លូវចិត្ត។
នៅថ្ងៃពុធនេះដែរ រដ្ឋមន្ត្រីទេសចរណ៍ថៃបានបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការបង្កើនសុវត្ថិភាពសំរាប់ទេសចរបរទេស ដោយបណ្តាទីភ្នាក់ងារអនុវត្តច្បាប់នឹងស្គែននិងស្ទង់រកគ្រឿងអាវុធនៅតាមមាត់ទ្វារផ្សារនិងនៅទីកន្លែងទេសចរណ៍ផ្សេងៗ។
ថាផានី គៀផៃប៊ូល(Thapanee Kiatphaibool)ប្រធានអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា បណ្តាទីភ្នាក់ងាររដ្ឋនឹងខិតខំស្តារជំនឿចិត្តទេសចរណ៍ឡើងវិញគឺ«យើងត្រូវបង្កើនសន្តិសុខនៅគ្រប់តំបន់សំរាប់ទេសចរថៃនិងបរទេស»៕