ដោយៈប.ខុន / ភ្នំពេញៈ ទឹកជំនន់ធ្លាក់មកពីតាមព្រំដែន កម្ពុជាថៃ ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ដែលបានធ្វើឱ្យប៉ះពាល់ផ្លូវ លំនៅដ្ឋាននិងចម្ការដំណាំ បានស្រក ទៅវិញហើយ នៅផ្នែកខាងលើ បន្តកើនឡើងនៅកំរៀង មុននឹងទៅដល់ សំណង់ស្ទាក់ទឹកតាហែន ដែលត្រូវបិទទ្វារ នៅល្ងាចថ្ងៃទី ៤ ខែតុលា ដើម្បីបន្ថយការ កើនឡើង នៅផ្នែកខាងក្រោម និងដើម្បីបង្វែរទឹកចូលអាងកំពីងពួយ ដែលនៅអាចស្រូប យកទឹកបានពី ៧០ ទៅ ៨០ លានម៉ែត្រគូប ទៀត ទើបពេញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ថា ជំនន់ទឹកភ្លៀង ធ្លាក់មកពីតាមព្រំដែនកម្ពុជាថៃ កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន និងភ្នំព្រឹក មកដល់រសៀលថ្ងៃទី ៤ ខែតុលា នៅតាមអូរព្រំដែន បានស្រកអស់ទៅវិញ ហើយតែទឹកបានទៅកើននៅស្ទឹងកំរៀង មុននឹងធ្លាក់ចូលទៅ ក្នុងស្ទឹងបវេល។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ និយាយឱ្យដឹងផងដែរថា ពេលនេះ អាជ្ញាធរស្រុក ខេត្ត បាននឹងកំពុងធ្វើការវាយតម្លៃ ផលប៉ះពាល់ពីទឹកជំនន់ ដែលបានវាយប្រហារ ទៅលើចម្ការដំណាំ និងជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។ ចំណែកទឹកស្ទឹងបវេល នៅសំណង់ស្ទាក់ទឹកតាហែន មានការកើនឡើង តែមិនខ្ពស់ដូចនៅក្នុងជំនន់ កាលពីក្នុង សប្តាហ៍មុននោះទេ ដោយសារទ្វារសំណង់ស្ទាក់ទឹកតាហែន បានបើកចំហតាំងពី ជំនន់លើកមុខ។ ជំនន់លើកមុន បានធ្វើឱ្យប៉ះពាល់ ដល់ដំណាំស្រូវ ប្រមាណជា ១០០ ហិកតា នៅក្នុងស្រុកមង្គលបូរី ដោយសារច្រូតកាត់មិនទាន់។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា នៅល្ងាចនេះ ទ្វារសំណង់ស្ទាក់ទឹកបវេលនៅតាហែន នឹងត្រូវបិទ ដើម្បីបន្ថយការកើនឡើង នៅផ្នែកខាងក្រោម និងដើម្បីបង្វែរទឹកចូល ទៅកាន់អាងកំពីងពួយ ដែលអាចនៅស្រូបយកទឹកបានពី ៧០ ទៅ ៨០ លានម៉ែត្រគូប ទៀត ទើបអាចពេញអាងដែលមានសមត្ថភាព រក្សាទឹកទុកបានប្រមាណជា ១៧០ លានម៉ែត្រគូប សម្រាប់ស្រោចស្រពដំណាំស្រូវ នៅចុងរដូវ និងស្រូវប្រាំង ឆ្នាំក្រោយ។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បាននិយាយដឹងដែរថា ទឹកនៅក្នុងអាងកំពីងពួយ ពេលនេះ បានឡើងដល់កម្ពស់ ២៣,៣ ម៉ែត្រ ស្មើប្រមាណជា ១២០ លានម៉ែត្រគូបហើយ ទឹកដែលត្រូវប្រុងប្រយ័ត្ន នៅអាងកំពីងពួយ នៅកម្ពស់ ២៤,៥០ ម៉ែត្រ។ ទឹកអាចនឹងឡើងមិនដល់កម្ពស់នេះទេ ក្នុងរយៈពេលពី ១០ ថ្ងៃ ទៅ ២ សប្តាហ៍នោះ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ៤ ខែតុលាថា ជំនន់ទឹកភ្លៀង ធ្លាក់មកពីតាមព្រំដែន កម្ពុជា ថៃ និងទឹកភ្លៀង ក្នុងតំបន់ បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវទុំ ច្រូតមិនទាន់ មួយចំនួន នៅក្នុងឃុំរហាត់ទឹក ស្រុកមង្គកបុរី។ តែជាទូទៅ ជំនន់ទឹកភ្លៀងនេះ វាបានជួយបំពេញបន្ថែមកន្លែងខ្វះទឹក ដែលកន្លងទៅ យើងព្រួយបារម្ភ តែពេលនេះ អស់បញ្ហា និងទឹកជំនន់នេះ បានធ្វើឱ្យស្រូវធ្ងន់ លូតលាស់ល្អណាស់៕/V/r