ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រង្វាន់ Powerball ១,២ពាន់លានដុល្លារនឹងចាប់ម្តងទៀតនៅយប់ថ្ងៃពុធនៅសហរដ្ឋអាម៉េរិក (ព្រឹកថ្ងៃព្រហស្បតិ៍នៅកម្ពុជា) បន្ទាប់ពីចាប់ឆ្នោត ១១ សប្តាហ៍ដោយគ្មានអ្នកឈ្នះ ប៉ុន្តែមិនថារង្វាន់ធំប៉ុណ្ណាទេ ហាងឆេងនៅតែដដែល ហើយហាងឆេងទៀតសោតគឺពិតជាគួរឱ្យតក់ស្លុត។
វាជាហាងឆេង ១ លើ ២៩២,២ លាន ដែលធ្វើឱ្យរង្វាន់ធំនេះពិបាកឈ្នះ ហើយជារង្វាន់ធំណាស់សម្រាប់អ្នកលេងឆ្នោតដែលជ្រើសលេខដែលឈ្នះទាំងប្រាំមួយខ្ទង់។ ឆ្នោត Powerball ចុងក្រោយបង្អស់នេះគឺជារង្វាន់ឆ្នោតធំជាងគេលំដាប់ទីប្រាំពីររបស់ពិភពលោក។ លើកចុងក្រោយ ដែលមានអ្នកឈ្នះរង្វាន់កំពូលនេះគឺថ្ងៃទី ១៩ ខែកក្កដា។
នៅក្នុងរដ្ឋភាគច្រើន សន្លឹកឆ្នោត Powerball មានតម្លៃ ២ ដុល្លារ ហើយអ្នកទិញអាចជ្រើសរើសលេខផ្ទាល់ខ្លួនរបស់ពួកគេ និងលេខ Powerball ទោលមួយ ឬមិនចឹងទុកកិច្ចការនោះទៅកុំព្យូទ័រជាអ្នកធ្វើជំនួសក៏បាន។ ការចាប់ឆ្នោត Powerball ធ្វើឡើងបីដងក្នុងមួយសប្តាហ៍នៅម៉ោង ១០៖៥៩ យប់នៅថ្ងៃចន្ទ ពុធ និងថ្ងៃសៅរ៍ ជាមួយលេខឆ្នោតត្រូវចាប់នៅក្រុមហ៊ុន Florida Lottery ក្នុងទីក្រុងថាល់ឡាហាសស៊ី (Tallahassee)។
នៅពេលណាដែលលេខត្រូវបានចាប់ ជាធម្មតាគេត្រូវចំណាយពេលពីរបីម៉ោងដើម្បីកំណត់ថាតើមានអ្នកឈ្នះរង្វាន់ធំឬអត់។ ប្រសិនបើមិនមានអ្នកឈ្នះទេ មន្ត្រីឆ្នោតរដ្ឋបញ្ចេញការប៉ាន់ស្មានរង្វាន់ធំសម្រាប់ការចាប់ឆ្នោតបន្ទាប់ទៀត។ ប្រសិនបើមានអ្នកឈ្នះរង្វាន់ធំ គេនឹងចាប់រង្វាន់ធំសាដើមឡើងវិញពីចំណុច២០លានដុល្លារ ហើយចាប់ផ្តើមដំណើរការដ៏វែងឆ្ងាយរហូតដល់មានអ្នកឈ្នះផ្សេងទៀត៕
រង្វាន់ធំ Powerball តម្លៃ ១,២ ពាន់លានដុល្លារនឹងត្រូវចាប់ព្រឹកថ្ងៃព្រហស្បតិ៍នេះវេលាម៉ោង ១០៖៥៩ ព្រឹកម៉ោងនៅកម្ពុជា