ប្រែសម្រួលៈបំណង(CNA)៖ បុគ្គលិកនិយោជិតសុខាភិបាលអាម៉េរិករាប់ម៉ឺននាក់បានចាប់ផ្តើមផ្អាកការងាររបស់គេបីថ្ងៃកាលពីថ្ងៃពុធទី៤តុលា ក្នុងកូដកម្មការងារនៅក្នុងវិស័យសុខាភិបាលធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះដោយសារតែអ្វីដែលពួកគេនិយាយថាកង្វះបុគ្គលិកនិងអតិផរណា ។
កូដកម្មការងាររបស់បុគ្គលិកនិយោជិតជាង៧៥.០០០នាក់នៅក្រុមហ៊ុនខាយសឺ ភើមឺណិនថេ(Kaiser Permanente) កើតឡើងចំពេលអតិផរណាកើនឡើងដែលនាំអោយផ្ទុះកូដកម្មងារងារនៅទូទាំងអាម៉េរិកចាប់ពីក្រុមហ៊ុនភាពយន្តហូលីវូដដល់កម្មករផលិតរថយន្តនៅក្រុងដេត្រយ( Detroit)។
ក្រុមហ៊ុនKaiser Permanenteតាំងនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋកាលីហ្វ័រញ៉ា ខូរ៉ូរ៉ាដូ អូរ៉េហ្គឹន និងក្នុងរដ្ឋវ៉ាស៊ីនតោន ហើយសេវាសុខភាពនៅក្នុងរដ្ឋទាំងនេះមុខជានឹងរងផលប៉ះពាល់ខ្លាំងពីការផ្អាកការងារនេះ តែទោះជាយ៉ាងណាKaiserបានអះអាងថា មជ្ឈមណ្ឌលរបស់ខ្លួននៅតែបើកដំណើរការទទួលអតិថិជន តែត្រូវចំណាយពេលយូរជាងធម្មតាបន្តិច។
អ្នកនាំពាក្យសហជីពចម្រុះសំរាប់ក្រុមហ៊ុនKaiser Permanente បាននិយាយថា«មានកិច្ចព្រមព្រៀងជាច្រើនត្រូវបានសំរេចឡើង តែត្រៀមការចរចាបន្ថែមរហូតដល់ទទួលបានកិច្ចព្រមព្រៀងត្រឹមត្រូវនិងសមធម៌មួយ»។
សហជីពកំពុងជំរុញអោយដំឡើងប្រាក់ថ្លៃឈ្នួលនិងការគាំពារប្រឆាំងនឹងកុងត្រាបន្តនិងការជួលកម្លាំងពលកម្មមកពីក្រៅ។វាក៏គំរាមបន្តកូដកម្មនៅខែវិច្ឆិកា បើក្រុមហ៊ុននៅតែអនុវត្តទម្លាប់ការងារមិនយុត្តិធម៌។
កូដកម្មកាលពីថ្ងៃពុធនេះកើតឡើងក្នុងឆ្នាំដែលអាម៉េរិកជួបកូដកម្មការងារដ៏ច្រើនបំផុតមិនដែលធ្លាប់មាន នៅពេលពួកកម្មករនិយោជិតខិតខំតស៊ូនឹងអតិតផរណាឡើងខ្ពស់មិនដែលធ្លាប់មាននៅក្នុងមួយជំនាន់មនុស្ស។ការឡើងថ្លៃទំនិញបានកាត់បន្ថយកម្លាំងទិញនៅទូទាំងប្រទេស នៅពេលកំណើននៃបញ្ញាសិប្បនិម្មិត(AI) នាំអោយមានការព្រួយបារម្ភខ្លាចក្រែងស្វ័យប្រវត្តិកម្មបង្កើតការងារសំរាប់ខ្លួនឯងកាន់តែច្រើនដើម្បីជំនួសការងារមនុស្សជាក់ស្តែង។
កូដកម្មការងារកំពុងបន្តនៅក្រុងដេត្រយ កន្លែងដែលសហជីពកម្មករយានយន្តUAWចូលពាក់ព័ន្ធក្នុងកូដកម្មរួមជាលើកដំបូងប្រឆាំងនឹងក្រុមហ៊ុនរថយន្តយក្សទាំងបីរបស់អាម៉េរិកគឺGM, Ford និង Chrysler ដើម្បីបង្ខំអោយថៅកែដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។កម្មករជាង២៥.០០០នាក់កំពុងធ្វើកូដកម្មនៅ២១រដ្ឋ ស្មើនឹង១៧ភាគរយនៃសមាជិកUAW នៅពេលកិច្ចពិភាក្សារវាងសហជីពនិងក្រុមហ៊ុនកំពុងបន្ត។
នៅក្រុមហ៊ុនហូវីវូដ កូដកម្មរយៈពេលមួយខែរបស់ក្រុមអ្នកនិពន្ធនិងអ្នកសិល្បៈ បាននាំអោយឧស្សាហកម្មភាពយន្តនៅរដ្ឋកាលីហ្វ័រញ៉ានេះជាប់គាំង ដោយផលិតកម្មទាំងអស់ត្រូវផ្អាក៕
បុគ្គលិកកម្មកររបស់Kaiser Permanenteកំពុងដើរចេញពីការងារ ជុំវិញកង្វះបុគ្គលិកនិងប្រាក់ថ្លៃឈ្នួល