សេចក្តីថ្លែងការណ៍​«​អ្នកសារព័ត៌មាន​» មាន «​សេរីភាព​ពេញលេញ​» ​ក្នុងការ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨

1123
ចែករម្លែក
  • 39
    Shares

ភ្នំពេញៈ
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) សូម​ធ្វើការ​វាយតម្លៃ និង សូម​សម្ដែង​នូវ​ការកោត​សរសើរ​ចំពោះ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន «​កំពុង​បំពេញ​តួនាទី​ដ៏​ត្រឹម​ត្រូវ​» ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​និង​ការទទួលខុសត្រូវ ចូលរួម​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ដំណើរការ​បោះឆ្នោត​សកល​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ទាំង​នៅ​ដំណាក់កាល​ការឃោសនា​រក​សំឡេងឆ្នោត​, នៅ​ចំ​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨, ដំណាក់កាល​កំពុង​រាប់​សន្លឹកឆ្នោត​, និង​ដំណាក់កាល​ក្រោយ​ថ្ងៃ​បោះឆ្នោត​។

​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ក្នុងឱកាសបោះឆ្នោតថ្ងៃទី២៩កក្កដាកន្លងទៅ(រូបថតផេកសម្តេចហ៊ុនសែន)

​ស​.​ស​.​ស​.​ក សង្កេតឃើញថា​៖ អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ទទួលបាន «​សេរីភាព​ពេញលេញ​» ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន​។ សារព័ត៌មាន​ក្នុងស្រុក​ដូចជា វិទ្យុ និង ទូរទស្សន៍ រួមទាំង​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ដូចជា​៖ The Phnom Penh Post និង Khmer Times បាន​បែងចែក​ទំព័រ​កាសែត និង​គេហទំព័រ​របស់ខ្លួន ចុះផ្សាយ​អំពី​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត នៃ​បណ្តា​គណបក្សនយោបាយ​ចម្រុះ​គ្នា​។ អង្គភាព​សារព័ត៌មាន​ក្រៅប្រទេស​ដូចជា Channel News Asia, RT, Reuters, AP, AFP, Kyodo, NHK, VNA, EPA, Xinhua រួមទាំង វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក VOA ជាដើម បានដាក់​ភ្នាក់ងារ​ចុះមក​យក​ព័ត៌មាន​និង​ផ្សាយ​ផ្ទាល់​ចេញពី​ក្នុងប្រទេស​កម្ពុជា ដោយ​សេរី និង​ដោយ​គ្មាន​ការរារាំង ឬ​គំរាមកំហែង​ពី​អជ្ញាធរ​កម្ពុជា​ឡើយ​។​

​ស​.​ស​.​ស​.​ក កត់សំគាល់ថា​៖ គ្មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ត្រូវបាន​រារាំង​សិទ្ធិ​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅក្នុង​ពេល​ឃោសនា​របស់​គណបក្សនយោបាយ​ណាមួយ​ឡើយ ហើយក៏​គ្មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅតាម​ការិយាល័យ​បោះឆ្នោត​ណាមួយ​នៅ​ទូទាំងប្រទេស​នោះទេ​។ ស​.​ស​.​ស​.​ក ក៏​កត់សំគាល់​ឃើញថា​៖ មាន​បណ្តាញ​ផ្សព្វផ្សាយ Online ចំនួន​១៧​អង្គភាព ត្រូវបាន​រាំងខ្ទប់​ជា​បច្ចេកទេស​រយៈ​ពេល​ខ្លី​ស្របតាម​បំរាម​ថ្ងៃ​ស ដើម្បី​ធានា​បរិយាកាស​អ​ព្យា​ក្រិ​ត្យ និង​អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​, បទបញ្ជា​, និង ក្រមសីលធម៌​នៃ​ការផ្សព្វផ្សាយ ដើម្បី​ធានា​បរិយាកាស​នៃ​ការបោះឆ្នោត​សកល​អនុវត្តបាន​តាម​គោលការណ៍​៖ សេរី​, ត្រឹមត្រូវ​, និង យុត្តិធម៌​។ ទោះជា​យ៉ាងណា អង្គភាព​ព័ត៌មាន​ទាំង​១៧​នៅតែ​អាច​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់ខ្លួន បាន​ដោយ​សេរី​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​។​

​ស​.​ស​.​ស​.​ក ទទួលស្គាល់​អំពី​ការលំបាក​របស់​អ្នកសារព័ត៌មាន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ប្រឌិត Fake News​ដែល​បង្កើតឡើង​ដោយ​អ្នកនយោបាយ​និង​សកម្មជន​នយោបាយ​មួយចំនួន ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​ទាក់ទិន​ការបោះឆ្នោត​៖ ដូចជា​ការធ្វើ​យុទ្ធនាការ​រារាំង​សិទ្ធិ​ការ​បោះឆ្នោត​, ការប្រកាស​បំប៉ោង​ចំនួន​ថ្ងៃ​បោះឆ្នោត​ថា មាន​រយៈពេល​៣​ថ្ងៃ​, ការ​ប្រឌិត​ថា​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ​មាន​សា​ធាតុ​ពុល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​តម្រូវ​ឲ្យ​សារព័ត៌មាន​ផ្លូវការ​ត្រូវខិតខំ​ផ្សាយ​បំភ្លឺ​ព័ត៌មាន​បែបនេះ​។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ត្រូវ​ប្រឈម​ការបែងចែក​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​នានា​ជា​បន្តបន្ទាប់ ដែល​ប្រាស់ចាក​ចេញពី «​លក្ខណៈ​បច្ចេកទេស​នៃ​ការបោះឆ្នោត​» ប៉ុន្តែ​ជា «​សេចក្តីថ្លែងការណ៍​មាន​របៀបវារៈ​នយោបាយ​»​។​

​ស​.​ស​.​ស​.​ក សូម​លើកទឹកចិត្ត​និង​គាំទ្រ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​បន្ត​ប្រកាន់ខ្ជាប់​តួនាទី​ជា «​កញ្ចក់​ភ្លឺ​» ផ្សាយ​ព័ត៌មាន​ជាទូទៅ និង​ដោយឡែក​ទាក់ទិន​អំពី​ដំណើរការ​បោះឆ្នោត​នេះ​បន្តទៀត ប្រកបដោយ​ក្រមសីល​ធម៌​វិជ្ជាជីវៈ​ខ្ពស់​អនុលោម​តាម​ប្រតិទិន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ដែល​កំពុង​បន្តការងារ​របស់ខ្លួន ទាំង​លទ្ធភាព​នៃ​ការដោះស្រាយ​បណ្តឹង ការប្រកាស​លទ្ធផល​ផ្លូវការ និង​ការប្រកាស​សុពលភាព​តំណាងរាស្ត្រ​ជាប់ឆ្នោត​ថ្មី​នីតិកាល​ទី​៦ ដើម្បី​ឲ្យ​សាធារណៈជន​បាន​ជ្រួតជ្រាប​។​

​ស​.​ស​.​ស​.​ក សូម​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​ផុសផុល ហើយ​របាយការណ៍​ពី គ​.​ជ​.​ប បង្ហាញថា ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត​មាន​ច្រើន​លើស​លុប​រហូត​ជិត​៧​លាន​នាក់ ស្មើ​ជាង​៨២ភាគរយ ហើយ​ក្នុងនោះ​អ្នកសារព័ត៌មាន​កម្ពុជា​ជាច្រើន​កុះករ​បាន​ប្រើប្រាស់​សិទ្ធិ​ចូលរួម​បោះឆ្នោត ដើម្បី​ជ្រើសរើស​មេដឹកនាំ​ជាតិ​ផងដែរ​។ នេះ​បង្ហាញថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែមាន​ភាពចាស់ទុំ ដែល​ឆ្លុះបញ្ចាំង​បាន​តាមរយៈ​ផ្លែផ្កា​នៃ​ការបោះឆ្នោត​មួយ​ប្រព្រឹត្តិ​ទៅដោយ​៖ គ្មាន​អំពើហិង្សា គ្មាន​ការបំភិតបំភ័យ និង​គ្មាន​ប្រជាជន​សូម្បីតែ​ម្នាក់​ទទួលរង​របួស​នោះឡើយ​។ ការបោះឆ្នោត​សកល​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​៦ ឆ្នាំ​២០១៨ កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ជាង​ពេលមុនៗ និង​ក៏​បង្កើតបាន​នូវ​គ្រឹះ​ឯកភាព​ជាតិ​កាន់តែ​រឹងមាំ​ឡើង​។ ការបោះឆ្នោត​នេះ​ក៏​បញ្ជាក់ថា ប្រជាជន​កម្ពុជា​បានសម្រេច​ជ្រើស​យក​ផ្លូវ​ដើរ​ឆ្ពោះទៅមុខ​តាម​គន្លង សន្តិភាព និង ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ឲ្យ​រីកចម្រើន​បន្តទៀត​៕

​ថ្ងៃ​ច័ន្ទ ១០​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២
​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​, ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម