ដោយ:បូកគោ/កំពត: ប្រជាកសិករ និងអាជ្ញាធរឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតបានត្អូញត្អែរថារបរធ្វើបង្គីមានការលំបាក ហើយរកប្រាក់ចំណូលបានតិចដោយសារតម្លៃឫស្សីទិញចូលកើនឡើង ខណៈដែលពេលលក់ចេញបានចំណេញតិចតួចបំផុតនាំឲ្យ ទាំងអ្នកផលិត ទាំងអាជ្ញាធរមានការព្រួយបារម្ភប្រសិនបើមិនមានការជួយគាំទ្រផ្នែកទីផ្សារឱ្យបានប្រសើរនោះមុខរបរធ្វើបង្គីអាចនឹងបាត់បង់។
អ្នកស្រី ជុំ សារ៉ុម កសិកររស់នៅភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា អ្នកស្រីចេះធ្វើបង្គីតពីឪពុកម្តាយតាំងពីនៅកុមារ ហើយ ដើម្បីធ្វើបង្គី គេត្រូវប្រើដើមឫស្សីពកកាប់មកពីព្រៃភ្នំ ឈើមេបង្គី និងវល្លិ៍សម្រាប់ធ្វើដៃ ដោយមួយថ្ងៃអ្នកស្រីអាចធ្វើបានចន្លោះពី៣គូទៅ៥គូ។
ស្រដៀងគ្នានេះដែរ អ្នកស្រី ងឹន ភាព រស់នៅភូមិឃុំជាមួយគ្នាបានបញ្ជាក់ថា កាលពីជំនាន់គាត់នៅក្មេងៗ របរធ្វើបង្គីចំណេញគួរសម ដោយសារសម្ភារ:សម្រាប់ធ្វើអាចទៅរកបានដោយខ្លួនឯង តែ បច្ចុប្បន្ន អ្នកធ្វើបង្គីត្រូវទិញឫស្សីពីគេ ហើយតម្លៃកើនឡើងរហូត ពោលគឺតាំងពី១ដើម៥០០រៀលឥឡូវ៨០០រៀល។ សព្វថ្ងៃបង្គីងាយស្រួលលក់ ប៉ុន្តែមិនសូវបានថ្លៃទេដោយបង្គីសម្រាប់រែកអំបិលធុនធំមួយគូលក់បាន១៥.០០០រៀលប៉ុណ្ណោះ។
លោក សួន ស៊ូន មេភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូបានបញ្ជាក់ថា កាលពីមុន ប្រជាពលរដ្ឋក្នុងភូមិរបស់លោកប្រមាណជាង១០០គ្រួសារបានប្រកបរបរធ្វើបង្គីលក់។ ដោយសារបង្គីពិបាកធ្វើ ហើយតម្រូវការប្រើប្រាស់មានការធ្លាក់ចុះ ពិសេសឫស្សីក៏ចេះតែឡើងថ្លៃផងធ្វើឱ្យប្រាក់ចំណេញទទួលបានតិច ទន្ទឹមនឹងបច្ចុប្បន្នសម្បូរការងារផងនោះ គ្រួសារមួយចំនួនធំបានបោះបង់មុខរបរនេះតែម្តង។ សពថ្ងៃមានអ្នកធ្វើប្រហែល២០គ្រួសារប៉ុណ្ណោះ។ លោកមេភូមិបានសំណូមពរថា ក្នុងនាមតំណាងអ្នកផលិតបង្គី លោកស្នើសុំដល់អតិថិជន ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធជួយគាំទ្រផ្នែកទីផ្សារឱ្យបានប្រសើរជាងសព្វថ្ងៃដើម្បីពលរដ្ឋក្នុងភូមិមានចិត្តចង់ធ្វើបង្គីតទៅទៀត។
តាមការបញ្ជាក់របស់អ្នកផលិតបង្គីថា បច្ចុប្បន្នពួកគាត់ធ្វើបង្គី២ប្រភេទ គឺបង្គីសម្រាប់រែកអំបិល និងបង្គីសម្រាប់រែកដី។ បើមានតម្រូវការជាប្រភេទបង្គីតូចៗសម្រាប់ដាក់តាំងផ្លែឈើផ្សេងៗ ពួកគាត់ក៏អាចធ្វើបានដែរ៕ P / N