ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិបង្វែរអាហារូបករណ៍ដែលប្រទេសជាមិត្ត ផ្តល់សម្រាប់បណ្តុះបណ្តាលកម្រិតនាយទាហាន សុំឲ្យផ្តល់សម្រាប់បណ្តុះបណ្តាលកម្រិតពលទាហានជំនួសវិញ ខណៈបច្ចុប្បន្នកម្ពុជាមាននាយទាហានច្រើនជាង ពលទាហាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះក្នុងឱកាសទិវាគ្រូបង្រៀនលើកទី២៦ ដែលនៅក្នុងឱកាសនោះក៏មានវត្តមានរបស់លោកឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិចូលរួមផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្តម ទៀ សីហា ដូចគ្នា យើងរាល់ថ្ងៃមាននាយទាហានច្រើនជាងពលទាហាន ដោយសារយើងមានសង្គ្រាមយើងចេះតែ កើនទៅ យើងចូលនិវត្តន៍ ប៉ុន្តែបញ្ហាផែនការបណ្តុះបណ្តាលប្រចាំឆ្នាំយើងបណ្តុះបណ្តាលនាយទាហានទាំងអស់អត់មានផែនការបណ្តុះបណ្តាលពលទាហានទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថាចំពោះការបណ្តុះបណ្តាលកម្រិតនាយទាហានបើទោះបីជាប្រទេសជាមិត្តជាអ្នកផ្តល់អាហារូបករណ៍សម្រាប់ឱ្យនាយទាហានកម្ពុជាបន្តការសិក្សានៅក្នុង ប្រទេសរបស់ពួកគាត់ក៏ ដោយ ។ ប្រសិនបើនាយទាហានច្រើនជាងពលទាហានហើយត្រូវហ៊ានអាល់កាត់ចំនួននាយទាហានដែលត្រូវបានបណ្តាប្រទេសជាមិត្តផ្តល់អាហារូបករណ៍ដោយបង្វែរ ថវិកានេះទៅជ្រើសរើសពលទាហានជំនួសវិញគឺមានភាពល្អប្រសើរជាងដើម្បីឱ្យមានភាពស៊ីចង្វាក់នឹងស្ថានភាពជាក់ស្តែង។
សម្តេចធិបតី បានណែនាំថាចំពោះការទទួលបានអាហារូបករណ៍សម្រាប់កម្រិតនាយទាហាននេះយើងជាអ្នកទទួលជំនួយគួរមិនខ្លាចភាគីមិត្តកាត់ជំនួយនោះទេខណៈដែលភាគីមិត្តបាន ផ្តល់ជំនួយតែ៤ ឆ្នាំរៀនប៉ុន្តែកម្ពុជាត្រូវទទួលបន្ទុក៤០ឆ្នាំសួរថាតើយើងយកមកធ្វើអីស្របពេលដែលកម្ពុជាមានចំនួននាយទាហានច្រើនដូច្នេះសម្រាប់ការតែងតាំងគឺពិបាក។ នាយទា ហានទៅណាបើច្រើនពេកបើគាត់រៀនមកយើងតែងតាំងអត់កើត ព្រោះទាហានគឺតាមស័ក្តិ មានប្រអប់ អ៊ឹចឹងត្រូវគិត មែនថាពីមុនខុសទេពីមុនយើងធ្វើតាមផែនការប៉ុន្តែ ដល់ពេល មួយយើងត្រូវអង្គុយមួយភ្លែតសិន ផែនការឆ្នាំចាស់ ផែនការមនុស្សសរសេរទេ ភាគីមិត្តដែលឱ្យមកយើងក៏មានសិទ្ធិប្រាប់ទៅវិញថាសូមឱ្យភាគីមិត្តជួយបង្វែរមកបណ្តុះបណ្តាលពលទាហាន ។
សម្តេចធិបតីបានលើកឡើងថានាពេលកន្លងមកសម្តេចសង្កេតឃើញថាការបណ្ដុះបណ្ដាលនាយទាហានមានអត្រាខ្ពស់ជាងការបណ្ដុះបណ្ដាលពលទាហានហើយពេលដែលមាននាយទាហាន ច្រើនពេកវានឹងធ្វើឱ្យប៉ះពាល់ដល់ការតែងតាំងតួនាទីនាយទាហានទាំងនោះផងដែរហើយមួយវិញទៀតការធ្វើការកំណែទម្រង់បែបនេះក៏កាត់បន្ថយការចំណាយថវិការបស់ជាតិផងដែរ៕