ដោយៈ សុផានីតា / កោះកុង៖ ក្រុមកុមារីអាយុ៩ឆ្នាំ នៅក្នុងខេត្តកោះកុង បានទទួលថ្នាំ បង្ការជំងឺមាត់ស្បូន ដោយឥតគិតថ្លៃ ដើម្បីការពារជំងឺមហារីកមាត់ស្បូន ទៅថ្ងៃមុខ តបតាមកម្មវិធីទិវាផ្ដល់ ថ្នាំបង្ការជំងឺជាផ្លូវការទូទាំងប្រទេស។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ ថា ជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្ដល់ថ្នាំបង្ការការពារតែចំនួនមួយដូស ដល់កុមារីម្នាក់ៗ ដែលមានអាយុ ៩ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា។
លោកអភិបាលរងខេត្ត បានបន្តថ្លែង ក្នុងពិធីប្រកាសបើកទិវាផ្តល់បង្ការជំងឺមហារីកមាត់ ស្បូនថា តាមរយៈការផ្តល់ថ្នាំបង្ការនេះដែរ ធ្វើឡើងនៅតាមសាលារៀនបឋមសិក្សា នៅតាមភូមិ ឬសហគមន៍ និងការផ្ដល់ផ្ដល់ថ្នាំបង្ការ ពេញមួយឆ្នាំ នៅតាមមណ្ឌល សុខភាព ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ នេះតទៅ។
ជំងឺមហារីកមាត់ស្បូន ជានិច្ចកាល ត្រូវបានគេប្រសិទ្ធនាមថា ជា ” ឃាតកលាក់មុខ ” ហើយក៏ជាជំងឺមួយ ដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកស្បូន វាបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះ ជាមូលហេតុចម្បង ទីបួន នៃការស្លាប់របស់ស្ត្រី ដោយជំងឺមហារីក នៅទូទាំងពិភពលោក ហើយភាគច្រើន កើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ។
នៅប្រទេសកម្ពុជា ជំងឺមហារីកមាត់ស្បូន គឺជាមូលហេតុចម្បងទី២ ក្នុងចំណោម មហារីកគ្រប់ប្រភេទ ដែលកើតទៅលើស្រ្តីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍ របស់អង្កការសុខភាពពិភពលោក ឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូន សរុបចំនួនប្រមាណ ១.១៣៥ (១១,៤%) ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ ករណី បានស្លាប់ ។ ដោយថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ ស្ដីពីជំងឺមហារីកមាត់ស្បូន តាមរយៈការកាត់ផ្តាច់ នូវការចម្លងមេរោគ មហារីកមាត់ស្បូន ។
គួរជម្រាបថា ក្រសួងសុខាភិបាល បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រ ពីអង្គការសម្ព័ន្ធសកល សម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិ សម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល អែកសស អីនីតស៊ីអេធីវ (CHAI) នឹងដាក់បញ្ចូលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្ដល់តែចំនួនមួយដូស ដល់កុមារីម្នាក់ៗ ដែលមានអាយុ ៩ឆ្នាំ ។
លោកវជ្ជបណ្ឌិត Pascal RIngwald តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថាៈ « សូមអបអរសាទរដ៏ក្រៃលែង ចំពោះក្រសួងសុខាភិបាល ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មានសារៈសំខាន់ និង ជាប្រវត្តិសាស្ត្រ នៅពេលនេះ។ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺជាយុទ្ធសាស្ត្រ ការពារដ៏ចម្បងមួយរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរក ការលុបបំបាត់ជំងឺមហារីក មាត់ស្បូន ទាំងស្រុង នៅពេលអនាគត។ ថ្នាំបង្ការជំងឺមហា រីកមាត់ស្បូននេះ គឺមានសុវត្ថិភាព និងជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាពបំផុត ដែលអាចការពារជំងឺ មហារីកមាត់ស្បូន។ ការសម្រេចបាននូវការគ្របដណ្តប់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន មួយដូស ខ្ពស់លើស ពី៨០% នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ប្រជាជន គ្រួសារ និងសហគមន៍ នៅក្នុងទសវត្សរ៍ខាងមុខ ”។
លោក Lan Mao នាយកស្ដីទី នៃអង្គការ CHAI ប្រចាំប្រទេសកម្ពុជា បានកោត សរសើរចំពោះការប្តេជ្ញាចិត្តរបស់ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាព ក៏ដូចជា អនាគតរបស់កុមារីទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ “ការផ្ដល់ជាអាទិភាព ដល់ការបញ្ចូលថ្នាំបង្ការថ្មីៗ ដែលមានប្រសិទ្ធភាព ដូចជា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលចំពោះការធ្វើឲ្យសុខ ភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើឡើង ។
យោងទៅលើការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត របស់អង្គការសុខភាពពិភព លោក នាពេលបច្ចុប្បន្ន បានបង្ហាញថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ចំនួនមួយដូស គឺមានប្រសិទ្ធភាពខ្ពស់ ប្រមាណពី ៨០ ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារ ពីជំងឺមហារីកមាត់ស្បូន។
កន្លងទៅ លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ នៅក្នុងពិធីប្រកាស ដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារី អាយុ ៩ឆ្នាំ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការថា ជំងឺមហា រីកមាត់ស្បូនគឺ ជាបញ្ហាសុខភាពសាធារណៈអាទិភាព នៅប្រទេសកម្ពុជា ។
លោកវេជ្ជបណ្ឌិត សង្កត់ធ្ងរថា យើងទាំងអស់គា្ន ត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ ស្បូន ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅប្រទេសកម្ពុជា។ យើងនឹងធានាថា កុមារីអាយុ ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូន មួយដូស ដោយឥតគិតថ្លៃ ចាប់ ពីថ្ងៃនេះតទៅ ហើយកម្ពុជា ក៏មានគំរោង នឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារី ដែលមានអាយុលើសពី ៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការ ក្នុងឆ្នាំ២០២៥ ផងដែរ”៕ V / N