ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖កាំជ្រួចរុស្ស៊ីបានធ្លាក់ចំហាងកាហ្វេនិងហាងគ្រឿងទេសនៅក្នុងភូមិមួយនៅអ៊ុយក្រែនភាគឦសានកាលពីថ្ងៃព្រហស្បតិ៍ដោយសម្លាប់មនុស្ស៥១នាក់ ក្នុងពេលមានការជួបជុំធ្វើបុណ្យសពទាហានអ៊ុយក្រែនម្នាក់នៅទីនោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា វាជាការវាយប្រហារតែមួយលើកសម្លាប់ជនស៊ីវិលច្រើនបំផុតនិងជាការ«វាយប្រហារមិនមែនខ្វាក់ភ្នែក»ទេ។
គំនរថ្មឥដ្ឋធំៗ ដែកដាច់រប៉ាត់រប៉ាយនិងសម្ភារៈនៃអាគារហាងកាហ្វេនិងហាងគ្រឿងទេសត្រូវបានបង្ហាញ ក្រោយការវាយប្រហារកាលពីរសៀលថ្ងៃព្រហស្បតិ៍នៅក្នុងភូមិរ៉ូហ្សា( Hroza )ក្នុងតំបន់ខាគីវ។
វាជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅតំបន់ខាគីវចាប់តាំងពីរុស្ស៊ីធ្វើការឈ្លានពានចូលប្រទេសក្បែរខាងខ្លួនកាលពី១៩ខែមុន និងវាក៏ទំនងជាការវាយប្រហាររបស់រុស្ស៊ីតែម្តងសម្លាប់ជនស៊ីវិលច្រើនបំផុតនៅអ៊ុយក្រែន។
ប៉ូលិសមូលដ្ឋានបានប្រាប់ទូរទស្សន៍ជាតិថា មនុស្ស៥១នាក់បានស្លាប់ ប្រាំមួយនាក់រងរបួស ហើយបីនាក់កំពុងបាត់ខ្លួន។ទោះជាយ៉ាងណា មិនមានប្រភពឯករាជ្យណាមួយបញ្ជាក់ថាការអះអាងរបស់មន្ត្រីអ៊ុយក្រែននេះជាការពិតឬយ៉ាងណានៅឡើយទេ។
រដ្ឋាភិបាលទីក្រុងមូស្គូក្នុងពេលជាមួយគ្នា នៅមិនទាន់ប្រតិកម្មយ៉ាងណានៅឡើយចំពោះឧបទ្ទវហេតុនៅភូមិរ៉ូហ្សា តែកន្លងមកខ្លួនតែងអះអាងថា កងកម្លាំងយោធារុស្ស៊ីមិនផ្តោតការវាយប្រហារលើជនស៊ីវិលទេ៕