ដោយៈ ចាន់តូ/ ភ្នំពេញ: ស្រ្តីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីកំពុងជិះម៉ូតូត្រូវបានរថយន្តបុកពីក្រោយហើយខ្ទាតទាំងមនុស្ស​ និងម៉ូតូចូល ក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍កិនពាក់កណ្ដាលខ្លួន។ ចំណែករថយន្ត ហ្វតដែលជារថយន្តបង្កបានបើកគេចចេញទៅបាត់ តែបានជ្រុះស្លាកលេខនៅកន្លែងកើតហេតុ ។ហេតុការណ៍នេះ បានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ ២០២៣ ត្រង់ចំណុចស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ សំ ស្រីមុំ អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ២៣ ផ្លូវលេខ៩០២ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេឃើញនារីរងគ្រោះជិះម៉ូតូស្កូបពី ពណ៌ខ្មៅលាយផ្កាឈូក ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1IV.5649 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ពីវិមានឯករាជ្យទៅក្បាលថ្នល់ ។មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ហ្វត ណ៌ស ពាក់ស្លាកលេខ កម្ពុជា .RUM.7879 មកពីក្រោយបានបុកពេញទំហឹងបណ្ដាលឲ្យនារីរងគ្រោះទាំងម៉ូតូទាំងមនុស្ស ខ្ទាតចូលកង់រថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A.2897 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង ខណៈកំពុងតែបត់ឆ្វេងដៃកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកឯរថយន្តបង្កម៉ាកហ្វតពណ៌ស នោះបានបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ប៉ុន្តែជ្រុះស្លាកលេខនៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូត្រូវបានរថយន្តក្រឡុកស៊ីម៉ុងត៍កិនខ្ទេចមើលលែងយល់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី៕សរន/r