ដោយៈ ប.ខុន/ ភ្នំពេញៈ ទ្វារអាងទឹកអាងត្រពាំងថ្មទាំងអស់ត្រូវបានបិទ ដើម្បីសន្សំទឹកទុក ខណៈពេលទឹកនៅក្នុងអាងនេះទើបសន្សំបានប្រមាណជា៩០ភាគរយនៃសមត្ថភាពអាងដែលអាចរក្សាទុកបាន១៨០លានម៉ែត្រគូបហើយ។ ទឹកនៅបន្តហូរចូលអាងតាមប្រព័ន្ធមកពីខេត្តឧត្តរមានជ័យ និងមកពីផ្ទៃរងទឹកភ្លៀងរបស់អាង។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ថា អាងត្រពាំងថ្មមកដល់ពេលនេះ (៦តុលា) ទឹកមិនទាន់ចូលពេញអាងដល់កម្រិតត្រូវរក្សាទុកនៅឡើយទេ។ តែទ្វារទាំងអស់របស់អាងនេះត្រូវបានបិទទាំងស្រុងដើម្បីសន្សំទឹកទុកសម្រាប់ស្រោចស្រពដំណាំស្រូវ នៅពេលខាងមុខ។

ប្រធានមន្ទីរខាងលើបាននិយាយឱ្យដឹងទៀតថា ទឹកនៅក្នុងអាងពេលនេះបានកើនឡើងដល់ប្រមាណជា៩០ភាគរយនៃសមត្ថភាពអាងដែលបានកំណត់រក្សាទឹកទុក១៨០លានម៉ែត្រគូបនោះហើយ។ ទឹកនៅបន្តហូរចូលអាងតាមប្រព័ន្ធមកពីខេត្តឧត្តរមានជ័យនិមកពីផ្ទៃរងទឹកភ្លៀងរបស់អាង។នៅក្នុងរដូវវស្សានេះមិនទាន់មានភ្លៀងធ្លាក់ចំច្រើននៅលើផ្ទៃរងទឹកភ្លៀងរបស់អាងត្រពាំងថ្មនៅឡើយទេ។ លោក យឹម ប៊ុនរ៉ុម បាននិយាយឱ្យដឹងផងដែរថាទំនប់អាងត្រពាំងថ្មត្រូវបានពង្រឹងជាបន្តបន្ទាប់ អាចរក្សាទឹកទុកបានលើសពី១៨០លានម៉ែត្រគូប តែដោយសារ មិនទាន់បានធ្វើការកែលម្អទ្វារទឹក ទើបការរក្សាទឹកទុកនៅក្នុងអាងនេះបានត្រឹមតែ១៨០លានម៉ែត្រទ្វារទឹកក៏ត្រូវបើកជាស្វ័យប្រវត្តិ ។ នៅពេលខាងមុខក្រសួង នឹងធ្វើការកែលម្អ ទ្វារដើម្បីរក្សាទឹកទុកឱ្យបានច្រើនជាង១៨០លានម៉ែត្រគូប និងប្រព័ន្ធប្រឡាយនៅក្រោមអាងនេះក៏ក្រសួងនឹងត្រូវធ្វើឱ្យបានប្រសើរឡើងជាងពេលនេះដែរ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិាករក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៦ ខែតុលាថា នៅគ្រប់មន្ទីរធនធានទឹករាជធានីខេត្ត ពេលនេះបានចាប់ផ្តើមប្រមូលទឹកបញ្ចូលអាងដែលមាននៅក្នុងខេត្តនីមួយៗ ដើម្បីរក្សាទុកសម្រាប់ស្រោចស្រពដំណាំស្រូវនិងប្រើប្រាស់នៅពេលខាងមុខតាមការជូនដំណឹងរបស់ក្រសួងឱ្យថែរក្សាទឹកទុកនិងប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន។

ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី៣សម្រាប់រដូវវស្សាឆ្នាំ២០២៣ ថា តាមការវិវត្តនៃអាកាសធាតុជាសកលនិងតំ បន់ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជាបង្ហាញឱ្យឃើញថា នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បាតុភូតអែលនីណូបានបង្កើនឥទ្ធិពល ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ ដល់អត្រាមធ្យមភាគ១០០ភាគរយនាំឱ្យផ្ទៃដីរងទឹកភ្លៀងនិងបរិមាណទឹកភ្លៀងចាប់ផ្តើមថយចុះជាលំដាប់ហើយនឹងរដូវវស្សាបញ្ចប់លឿនជាងឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៣បានសរសេរថា នៅក្នុង ខែកញ្ញាស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ គឺភ្លៀងធ្លាក់បានតែនៅលើផ្ទៃដីរងទឹកភ្លៀងប្រមាណពី៤០ទៅ៦០ភាគរយ(នៃផ្ទៃដីសរុប)ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះក្នុងភូមិសាស្ត្រតំបន់ជួរភ្នំ ខ្ពង់រាបនិងតំបន់មាត់សមុទ្រ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថានៅក្នុងខែតុលា និងខែវិច្ឆិកា របាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់មានការថមថយមកនៅក្នុងកម្រិត ប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាមួយផ្ទៃដីរងទឹកភ្លៀងប្រមាណជាពី៣០ ទៅ៤០ភាគរយ (នៃផ្ទៃដីទាំងមូល)។ រដូវវស្សានឹងបញ្ចប់ ទៅលឿនជាងឆ្នាំ២០២២។ រដូវវស្សានៅតំបន់ខ្ពង់រាបនឹងបញ្ចប់នៅសប្តាហ៍ទី៣នៃខែតុលា តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ រដូវវស្សានឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤នៃខែតុលា។
យោងលើស្ថានភាពអាកាធាតុដូចបានព្យាករណ៍លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដីសូមបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕srn/r