ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កាលពីថ្ងៃទី៥ខែតុលាម្សិលម៉ិញនេះកីឡាការិនីប៊ីយ៉ាស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បានទទួលពានរង្វាន់ដ៏មានតម្លៃពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េទៀតហើយ បន្ទាប់ពីកូនខ្មែររូបនេះត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោម៦នាក់ឲ្យទទួលពានរង្វាន់វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌និងពានរង្វាន់ពីក្រសួងព័ត៌មាននិងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ របស់កូរ៉េ។


ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣រូបនេះនិយាយថា ចំពោះពានរង្វាន់ដែលផ្ដល់ពីក្រសួងព័ត៌មាននិងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំគឺជាបុគ្គលដែលមានការចុះផ្សាយពីសារព័ត៌មានធំៗ អំពីភាពជោគជ័យក្នុងជីវិត រាល់កិច្ចការដែលជាប្រយោជន៍សម្រាប់សង្គមជាតិ ហើយមានប្រជាប្រិយភាពខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ អ្នកស្រីបញ្ជាក់ថា ការទទួលស្គាល់នេះ គឺតំណាងឲ្យជាតិខ្មែរទាំងមូលព្រោះ ស្រួង ភាវី ម្នាក់នេះគឺជាកូនរបស់កម្ពុជាហើយអាស្រ័យនៅទឹកដីកូរ៉េ កសាងមុខមាត់ កិត្តិយស កេរ្ដិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា ។
កីឡាការិនីរូបនេះបានសម្ដែងអារម្មណ៍រំភើបរីករាយជាខ្លាំងដោយបានពោលថាកូនស្រីកម្ពុជាម្នាក់នេះពិតជារំភើបក្រៃលែងដែលមានភព្វសំណាងទទួលបាននូវកិត្តិយសដ៏ថ្លៃថ្លាមួយនេះ ហើយបានចូលរួមទទួលនូវពានរង្វាន់ដ៏មហាកិត្តិយសនេះ ជាមួយបុគ្គលគំរូ អស្ចារ្យ ល្បីៗ ដែលពួកគាត់សុទ្ធសឹងជាអ្នកកសាងជាតិជាអ្នកបង្រួបបង្រួមជាតិជាអ្នកអភិបាលឃុំគ្រងប្រទេសជាតិនិងប្រជាជនហើយជាអ្នកលើកមុខមាត់ប្រទេសជាតិកិត្យានុភាពជាតិឲ្យពិភពលោកបានស្គាល់ថែមទៀតផង។
ទន្ទឹមជាមួយការទទួលពានរង្វាន់ដ៏មានតម្លៃពីរដ្ឋាភិបាលកូរ៉េនេះ ស្រួង ភាវី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េនិងប្រជាជនកូរ៉េដែលតែងផ្ដល់កិត្តិយសដល់ខ្លួនដោយសេចក្ដីគោរពស្រលាញ់ផងដែរ ។ P / N