ដោយៈភ្នំសន្ទុក/កំពង់ធំ៖ ផ្លូវមួយខ្សែពីចំណុចផ្លូវវាងក្រុងក្រុងស្ទឹងសែន ដែលរងការខូចខាតប្រវែងប្រមាណជាង ៣គីឡូម៉ែត្រ អស់រយៈពេលប៉ុន្មានជិត ១ឆ្នាំហើយមិនទាន់ឃើញមានមន្ត្រីជំនាញ អាជ្ញាធរ យកគ្រឿងចក្រមកជួសជុលស្ថាបនានៅឡើយទេ។
ផ្លូវដែលរងខូចខាតស្ថិតនៅក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ជាប់នឹងព្រំប្រទល់ភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថា ផ្លូវនេះ បើគ្មានភ្លៀងនោះគឺធ្វើដំណើរទៅវិញ ទៅមកឃើញក្រឡុកតូចធំ តែបើភ្លៀងវិញនោះគឺមើលក្រឡុកមិនឃើញទេ ហើយបានបង្ករឲ្យមានគ្រោះថ្នាក់ដោយ យថាហេតុជាញឹកញាប់ផងដែរ ។
ពួកគាត់ក៏បានបន្តទៀតថា ផ្លូវខាងលើនេះរងការខូចខាតដោយសារតែ រថយន្តតូចធំជាពិសេសរថយន្តដឹកអាចម៍ដី រថយន្តដឹកខ្សាច់ រថយន្តដឹកស្រូវ ដូច្នេះហើយធ្វើឱ្យផ្លូវទាំងអស់នេះខូចខាតតែម្តង ។
ពួកគាត់បានសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ យកគ្រឿងចាក់ឈូសឆាយ ឬជួសជុល ឲ្យបានស្អាតបន្តិច ព្រោះដល់ថ្ងៃភ្ជុំបិណ្ឌហើយ ។
ទន្ទឹមនោះដែរលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា លោកនឹងចាត់ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យឲ្យបានឆាប់ ដើម្បីសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចរាចរណ៍ចេញចូលឲ្យបានល្អប្រសើរជាងមុន។
ក្នុងនោះលោកអភិបាលក្រុងស្ទឹងសែន ក៏បានសុំការអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋ ដោយសារតែមួយរយះពេលចុងក្រោយនេះ គឺមានទឹកជំនន់ ណាមួយជារដូវវស្សាផងដែរ។ តែយ៉ាងណាក្តីលោកនឹងយកគ្រឿងចក្រឈូសឆាយអោយបានឆាប់។ P / N