ឥណ្ឌូនេស៊ី​ជម្លៀស​អ្នកទេសចរ​រាប់រយ​នាក់ បន្ទាប់ពី​រញ្ជួយ​ដី​សម្លាប់​មនុស្ស ៩១ នាក់​នៅ​កោះ​ទេសចរណ៍ ឡំ​បុក​

902
ចែករម្លែក

​ឥណ្ឌូនេស៊ី​បាន​ជម្លៀស​អ្នកទេសចរ​រាប់រយ​នាក់​ចេញពី​រមណីយដ្ឋាន​ដ៏​ពេញនិយម​នានា ហើយ​បាន​បញ្ជូន​ក្រុម​អ្នក​ជួយសង្គ្រោះ​ឆ្លងទៅ​កោះ​លំហែកាយ ឡំ​បុក (Lombok) នៅ​ថ្ងៃ​ចន្ទ​ទី​៦​សីហា​នេះ បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៩១ នាក់​និង​បណ្តាលឱ្យរ​លំអ​គារ​រាប់ពាន់​ខ្នង​។​

​រញ្ជួយ​ដី​រាក់​កម្រិត ៦,៩ រិ​ច្ឆ​ទ័​រ​នេះ​បាន​បង្កឱ្យមាន​ការភ័យខ្លាច​ក្នុងចំណោម​ភ្ញៀវទេសចរ​និង​អ្នកស្រុក ពោលគឺ​ទើបតែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​រញ្ជួយ​ដី​មួយ​បាន​វាយប្រហារ​កោះ​ឡំ​បុក​ដដែល​នេះ និង​សម្លាប់​មនុស្ស ១៧ នាក់​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ស្វែងរក​ជនរងគ្រោះ​នៅក្នុង​គំនរ​ផ្ទះ​បាក់បែក វិហារ​អ៊ីស្លាម និង​សាលារៀន ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​គ្រោះមហន្តរាយ​ចុងក្រោយ​បំផុត​នេះ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​លោក ស៊ូ​តូ​ប៉ូ ពួ​វ៉ូ នូ​ក្រូ​ហូ បាន​និយាយថា “​មាន​បញ្ហា​ប្រឈម​ច្រើន ដូចជា ផ្លូវ​ខូចខាត ស្ពាន​ចំនួន​៣​បាន​បាក់ ទីតាំង​ខ្លះ​ពិបាក​ទៅដល់ ហើយ​យើង​មិនមាន​បុគ្គលិក​គ្រប់គ្រាន់​ទេ​”​។​

​ប្រតិ​ប​ត្ដិ​ការ​មួយ​ក៏​កំពុងដំណើរការ​ផងដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ជម្លៀស​អ្នកទេសចរ​ប្រហែល ១.២០០ នាក់​ពី​ប្រជុំ​កោះ​ហ្គី​លី ដែលជា​កោះ​ត្រូពិច​តូចៗ​ចំនួន​៣​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​បី​បួន​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​នៃ​កោះ​ឡំ​បុក ដែលមាន​ប្រជាប្រិយភាព​ជាមួយនឹង​អ្នកទេសចរ​បែប​ផ្សងព្រេង និង​អ្នក​មុជទឹក​៕ ដោយ៖ កញ្ញាដាលីស

អ្នក​ជួយសង្គ្រោះ​កំពុង​ព្យាយាម​ជម្លៀស​អ្នកទេសចរ​និង​ស្វែងរក​អ្នក​នៅរស់​ក្នុង​គំនរ​បាក់បែក

ទីតាំងផ្សាយពាណិជ្ជកម្ម