ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីយកឈ្នះ ក្រុម Shan United ដែលជាជើងឯក League មីយ៉ាន់ម៉ា ៤ទល់០ មកនោះ គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi បានលើកឡើងថា នេះពិតជាមោទនភាពមួយ។
ពេលនេះ ក្រុមទាំងអស់ ត្រូវរៀបចំខ្លួន ដើម្បីកែប្រែ និងអនុវត្តចំណុចផ្សេងទៀត នៅតំបន់ការពារ នៅជំនួបក្រោយ ស្ថិតក្នុងវគ្គចែកពូល F នៃពានរង្វាន់ AFC Cup 2023-24 ។ ជំនួបបន្ទាប់ ភ្នំពេញក្រោន ត្រូវជួបជាមួយក្រុមខ្លាំង គឺក្រុមដែលជាក្រុម ជើងឯក League របស់អូស្ដ្រាលី។
ភ្នំពេញក្រោន នឹងទទួភ្ញៀវ MACARTHUR FC នៅថ្ងៃទី ២៦ តុលា មុននឹងចាប់ផ្ដើមបន្តលេង នៅជើងទី២។ នៅជើងទី២ ភ្នំពេញក្រោន ត្រូវទទួលភ្ញៀវ Cebu FC របស់ហ្វីលីពីន បន្ទាប់មក ពីប្រកួតទៀត គឺលេងក្រៅទឹកដីទាំង ២ប្រកួត។
លោក Oleg Starynskyi បានរៀបរាប់បន្ថែមទៀតថា នៅការប្រកួតបន្ទាប់ ដែលត្រូវប៉ះជាមួយ MACARTHUR FC ដែលជាក្រុមក្នុងលីគប្រទេសធ្លាប់លេង នៅ WORLD CUP ជាពិសេស ក្រុមមួយនេះមានកីឡាកបរទេសតែ ២ នាក់ ប៉ុណ្ណោះ ហេតុនេះ យើងនឹងត្រូវកែប្រែ និងអនុវត្តផ្សេងទៀត នៅតំបន់ការពារ។
ពេលនេះ ក្រុមភ្នំពេញក្រោន កំពុងឈរលេខរៀងទី២ ក្នុងពូល F ដោយមាន ៦ ពិន្ទុពេញ ស្មើគ្នា ជាមួយក្រុមកំពូលតារាង Macarthur FC របស់អូស្ដ្រាលី បន្ទាប់ពីក្រុមទាំងពីរ បានទទួលជ័យជម្នះ ២ ប្រកួតជាប់គ្នា ។
សម្រាប់ការប្រកួតបើកឆាករបស់ភ្នំពេញក្រោន គឺបានលត់ក្រុមម្ចាស់ផ្ទះ Cebu FC របស់ហ្វីលីពីន ៣ទល់០ ។ ចំពោះ ២ ប្រកួតរបស់ក្រុម Macarthur FC គឺបានយកឈ្នះ ក្រុម Shan United ៣ទល់០ មុនលត់ក្រុម Cebu FC ៨ទល់២។
សូមបញ្ជាក់ថា ជើងទី២ គ្រោងនឹងបញ្ចប់ នាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីកំណត់សម្រាប់ក្រុមខ្លាំង ឡើងទៅលេងវគ្គបន្ដ ៕/V/r