ដោយៈ បូកគោ / កែបៈ ភាពស្រស់ស្អាតរបស់ទីក្រុង និងទីប្រជុំជន ជាផ្នែកសំខាន់ ជួយឱ្យបរិស្ថានល្អប្រណីត ជាមួយអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ធានាបាននូវ សុខសុវត្ថិភាព ពេញលេញ ពិសេសបង្កើនសេវាទេសចរណ៍ ប្រកបដោយគុណភាព។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកែប ក្នុងពិធីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” រួមជាមួយទិវាពិភពលោកស្អាត ឆ្នាំ២០២៣ ប្រារព្ធឡើង កាលពីរសៀលថ្ងៃទី ៦ ខែតុលា នៅឆ្នេរខ្សាច់កម្សាន្តក្រុងកែប។
ភ្ជាប់ជាមួយសារដ៏មានសារៈសំខាន់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្នុងបំណងបង្កើនការទាញយកផលប្រយោជន៍ ជាអតិបរមាពី វិស័យទេសចរណ៍ ក្រសួងបានដាក់ចេញ នូវយុទ្ធនាការនានា ពិសេសជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ឱ្យកាន់តែខ្លាំងក្លា។ ក្នុងនោះ រួមមាន ជំរុញការអនុវត្តយុទ្ធនាការ “ ឆ្នាំទស្សនាកម្ពុជា ២០២៣ “, យុទ្ឋនាការ “ ទស្សនាស្រុកយើង ក្រោមស្មារតីស្រលាញ់ ជាតិ ត្រូវស្គាល់ទឹកដី”, យុទ្ធនាការផ្សព្វផ្សាយ ” ក្រោមគុណតម្លៃភាពជាខ្មែរ “ជាដើម។ លោកអភិបាលខេត្ត បានបន្តថា ដើម្បីឱ្យមានកំណើនភ្ញៀវមកកម្សាន្តក្នុងខេត្តកែប កើនឡើងថែមទៀត រដ្ឋបាលបាលខេត្ត បានផ្តោតពីសារៈសំខាន់ នៃភាពស្រស់ស្អាត របស់ទីក្រុង និងទីប្រជុំជន សំដៅធ្វើឱ្យបរិស្ថានល្អប្រណីត ជាមួយអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ធានាបាននូវ សុខសុវត្ថិភាព ពេញលេញ ពិសេសការផ្តល់ សេវាទេសចរណ៍ ប្រកបដោយគុណភាពជាដើម។
លោក សោម ពិសិដ្ឋ បានក្រើនរម្លឹកថា ស្របពេលដែលឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ នឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខ មន្ទីរទេសចរណ៍ ត្រូវណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ឱ្យពង្រឹងគុណភាព តាមរយ:ការគិតគូរពីបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល ក៏ដូចជាសេវាឱ្យបានសមរម្យ ដូចជា តម្លៃស្នាក់នៅ ម្ហូបអាហារ ព្រមទាំងសេវាផ្សេងៗ ត្រូវសរសេរឱ្យច្បាស់លាស់។
សូមបញ្ជាក់ថា បន្ទាប់ពីការជួបជុំអបអរសាទរ សម្រាប់ទិវាខាងលើ អង្គពិធី ក៏បានចែក មុខសញ្ញាដើរសម្អាតអនាម័យ ជុំវិញក្រុងកែប និងក្នុងភូមិសាស្ត្រ ស្រុកដំណាក់ចង្អេីរ ព្រមទាំងតំបន់ទេសចរណ៍ដទៃទៀត ដើម្បីបំផុសចលនាមហាជន ឱ្យជ្រួតជ្រាប ពីសារ:សំខាន់ នៃការថែរក្សាអនាម័យ បរិស្ថាន នៅខេត្តទេសចរណ៍មួយនេះ៕/V/r