ដោយៈ ប.ជ័យ / បន្ទាយមានជ័យ៖ វេនកាន់បិណ្ឌទី៧ នៅវត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ស្ថិតក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អង្គាសបច្ច័យ បានចំនួន ១១ លានរៀល សម្រាប់កសាងគរុភ័ណ្ឌ ក្នុងវត្តបន្តទៀត ។
លោកស្រី ឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី -រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ជាភរិយា លោឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងភរិយា ព្រមទាំងស្នងការង មន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទជាច្រើននាក់ បានមូលមតិគ្នា ជាឯកច្ឆ័ន្ទ ផ្តួចផ្តើមកាន់វេនបិណ្ឌទី៧ នេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ជាតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងសហការី កាលពីល្ងាចថ្ងៃទី ៥ ខែតុលា ធ្វើពិធីសូត្រមន្ត និងចំរើនព្រះបរិទ្ឋ និងសម្តែងធម៌ទេសនា ។ លុះព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០២៣ បានធ្វើពិធីរាប់បាត្រ ដល់ព្រះសង្ឃជិត ១០០ អង្គ ជាកិច្ចឆ្លងបង្ហើយវេន ។
ព្រះគ្រូលង្ការោ ចាន់ សុជន ចៅអធិការ វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ បានមានសង្ឃដិកាថា ការធ្វើបុណ្យកាន់បិណ្ឌនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១រោច ខែភទ្របទ ដល់ថ្ងៃទី ១៤ រោច ខែភទ្របទ ជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ ១៥ រោជ ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ ជាបុណ្យធំ និងសំខាន់ជាគេ ក្នុងប្រពៃណីពុទ្ធសាសនា សម្រាប់ការឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញាណក្ខន្ធបុព្វការីជន ដែលជាមាតា បិតា ជីដូនជីតាញាតិកា ៧សន្តាន មិត្តនិងអ្នកទាំងឡាយ ដែលមានគុណបំណាច់ ព្រមទាំងដែលរងគ្រោះ ឬដែលបានទៅ កាន់ទីបរលោក ។
ក្នុងពិធីនោះ បច្ច័យបានមកពីម្ចាស់វេន និងពុទ្ធបរិស័ទ ចូលរួមបុណ្យកាន់វេននេះ មានចំនួន ១១ លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងវត្តស្រះកណ្តាកខ្ចាស់បន្ត។ ក្នុងនោះដែរ ក៏មានទេយ្យទាន ដូចជា អង្ករ ១តោន មី២០កេះធំ ត្រី ខ ២០កេះធំ ទឹកផ្លែឈើ ៤០កេះ សម្រាប់ជាចង្ហាន់ស្ងួត ដល់ព្រះសង្ឃ រក្សាទុកក្រោយអំឡុង ពិធីបុណ្យផងដែរ ៕/V/r