ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ កម្លាំងសមត្ថកិច្ចចំរុះ ចំនួន ២ ស្រុក គឺស្រុកកំពង់ស្វាយ និង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើស នេសាទ ក្នុងអំឡុងពេលមួយថ្ងៃពេញ ដោយបានដកហូតបានវត្ថុតាងមួយចំនួន។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី ៧ ខែតុលា នេះថា កម្លាំងជំនាញរដ្ឋបាលជលផល នៅតាមបណ្ដា មូលដ្ឋាលស្រុក និងក្រុង សហការជាមួយកម្លាំងចម្រុះ របស់ទីបញ្ជាការស្រាល ដែលឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ។ សង្កាត់រដ្ឋបាលជលផលស្រុកស្ទោង និងកម្លាំងចម្រុះបង្ក្រាប នៅចំណុចខ្វែងចាញ អន្លុងអាង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប ។
លទ្ធផលក្នុងការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងសមត្ថកិច្ចចំរុះ ដកហូតបាន ឧបករណ៍នេសាទ មានឆ្នុកសាច់អួនក្រឡាញឹក រួមផ្សំនឹងអំពូលភ្លើងក្នុងនោះមាន ឆ្នុកសាច់អួនក្រឡាញឹក ចំនួន ២មាត់ មានប្រវែង ១២មគុណនឹង ៤ម អាគុយម៉ាក JP N70 ចំនួន ៣គ្រឿង ដុំភ្លើងនិងអំពូល ២ គ្រឿង ខ្សែភ្លើង ២៤ម៉ែ្រត បង្គោលចំនួន ៨ដើម។
ដោយឡែក កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកកំពង់ស្វាយ បង្ក្រាបបទល្មើសនេសាទ នៅចំណុចគោលដៅក្រោយវត្ត បានចំនួន ១ករណី រុះរើបំផ្លាញចោលវត្ថុតាង នៅហ្នឹងកន្លែង រួមមាន របាំងសាច់អួនប្រវែង ១.៥០០ ម៉ែត្រ ឡុកចំនួន ១០គ្រឿង លប/លូ ចំនួន ២០មាត់ បង្គោលចំនួន ១.០០០ ដើម ចាក់លែងកូនត្រីចម្រុះទៅក្នុងបឹង ទន្លេសាបចំនួន ១៥ គីឡូក្រាម។
ចំណែកសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយលើ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុច បឹងរៀល និងដែនអភិរក្ស បឹងព្រះស្នែង ស្ថិតនៅក្នុងភូមិខ្សាច់ជីរស់ ដោយបង្ក្រាបបាន ២ករណី រុះរើនិងបំផ្លាញចោលវត្ថុតាង នៅហ្នឹងកន្លែង រួមមាន របាំងសាច់អួនចំនួន ៤បាំង ប្រវែង ៤០០ម៉ែត្រ របាំងសាច់លូស្បៃមុង មានចំនួន ៧របាំង ប្រវែង ៤៥០ម៉ែត្រ ឡុកចំនួន ១៣ គ្រឿង លូចំនួន ១៣មាត់ បង្គោលចំនួន ២.៣០០ ដើម ចាក់កូនត្រីលែងចូលទៅក្នុងបឹងធម្មជាតិ ចំនួន ១៣០ គីឡូក្រាម។
លោក ប៉ែន វណ្ណរិទ្ធ បានរំលឹកដល់ប្រជានេសាទគ្រប់រូបៗ ក៏ដូចជាប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទ សូមកុំយកឧបករណ៍នេសាទ ដែលច្បាប់បានហាមឃាត់ មកនេសាទ។ ដូច្នេះហើយ ក្នុងនាមយើងជាពលរដ្ឋខ្មែរ សូមជួយរក្សា និងអភិរក្សធន ធានធម្មជាតិ ដែលមានស្រាប់ឲ្យបានគង់វង្សយូរអង្វែង ៕ V / N