​ក្រសួងកសិកម្ម​និង​អង្គការ​អា​ហ្វេ​ត​បន្ថែម​ប្រាក់​ជាង​១៥​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​កសិករ​រងគ្រោះ

870
ចែករម្លែក

​ដោយ​:​ពៅ​និមល​ភ្នំពេញ​:​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​មូលនិធិ​អន្តរជាតិ​លើកដំបូង​សម្រាប់​អភិវឌ្ឍ​កសិកម្ម​អាយ​ហ្វេ​ត​(IFAD)​បាន​សហការគ្នា​បង្កើន​ថវិកា​ប្រមាណ​ជាង​១៥​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​។​

ថវិកា​នេះ​សម្រាប់​អនុវត្ត​នៅ​ខេត្ត​គោលដៅ​ចំនួន​១១​ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​និង​បង្កើន​ភាព​ធន់​រប​ស់ក​សិ​ករ​តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE)​។​

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​ផេ​ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់ ការបង្កើន​ប្រាក់​បន្ថែម​នេះ​បន្ទាប់ពីរ​សង្កេតឃើញថា​កម្មវិធី​នេះ​បាននិងកំពុង​ដំណើរកា​រ​ល្អ​និង​កំពុង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ។

ខណៈដែល​បាន​ចំណាយ​ប្រាក់​សរុប ៥២.៤​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​នៅ​ខេត្ត​គោលដៅ​ទាំង​១១​។​ក្នុងនោះ រួមមាន​៖ ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង​រយៈពេល​០៧​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២២​។​

​ដោយឡែក ទាក់ទិន​នឹង​ការងារ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​បានរៀបចំ​ពិធី​ចែក​ទោចក្រយានយន្ត​និង​កុំព្យូទ័រ​បន្ទះ ជូន​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម នៃ​កម្មវិធី ASPIRE ។​

ក្នុង​គោលបំណង​លើកកម្ពស់ និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការផ្តល់​សេវាកម្ម​កសិក​ម្ម ដែល​ឆ្លើយតប​នឹង​តម្រូវការ​កសិករ​ខ្នាតតូច ដែលមាន​ទំហំ​ផលិតកម្ម​តូច​ចំនួន​១២០​ពាន់​គ្រួសារ ក៏ដូចជា​ជួយ​កសិករ​ដែលមាន​ទំហំ​ផលិតកម្ម​តូច ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​អាចធ្វើ​ធុរកិច្ច​កសិកម្ម និង​ទទួលបាន​ប្រាក់​ចូល​ខ្ពស់​។​

​មានប្រសាសន៍​ក្នុង​ពិធី​ខាងលើ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បន្ត​យកចិត្តទុកដាក់​ពង្រីក​ចំណះ​ដឹង ភាព​ឆ្លាត​វៃ ភាព​ឆ្នៃប្រឌិត និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​បន្ត​ដើរតួនាទី​ជា​គ្រូ​និង​ដៃគូ​យ៉ាង​មាន​សមត្ថភាព​និង​ប្រសិទ្ធភាព​ដល់​ប្រជាកសិករ​។​ធ្វើយ៉ាងណា​ឲ្យ​ប្រជាកសិករ​មាន​ភាព​រឹង​ពឹង​និង​ភាពម្ចាស់ការ​ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​នេះ​នា​ពេលដែល​កម្មវិធី​នេះ​ត្រូវ​បានបញ្ចប់ ទូក​ទៅ កំពង់​នៅ​។

​លើសពីនេះ​ទៀត លោក​បានស្នើរ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម សាលា​ជាតិ​កសិកម្ម និង​សាលា​កសិកម្ម​ដទៃទៀត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ដូចជា​ស្រាវជ្រាវ​បច្ចេកទេស​និង​បច្ចេកវិទ្យា​ថ្មី​ទំនើប​សម្រាប់​ប្រជាកសិករ​។ដើម្បី​កាត់បន្ថយ​កម្លាំង​ពលកម្ម បង្កើន​ផលិតភាព គុណភាព និង​ប្រាក់ចំណូល​។ធ្វើយ៉ាងណា​ដើរទា​ន់​កំណើន​សេដ្ឋកិច្ចជាតិ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​សូមបញ្ជាក់ថា​ពិធី​ចែក​ទោចក្រយានយន្ត​និង​កុំព្យូទ័រ​បន្ទះ​ខាងលើនេះ​គឺជា​ថវិកា​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចែក​ជូនទៅ​ខេត្ត​គោលដៅ​ចំនួន​១១ ដោយមាន​ទោចក្រយានយន្ត​សរុប​ចំនួន​១៧៨​គ្រឿង និង​កុំព្យូទ័រ​បន្ទះ​សរុប​ចំនួន​៥៦០​គ្រឿង​៕S/

ក្រសួងកសិកម្ម​និង​អង្គការ​អា​ហ្វេ​ត​បន្ថែម​ប្រាក់​ជាង​១៥​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​កសិករ​រងគ្រោះ​