ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង។ ក្នុងនោះ មានការចាប់ផ្តើមពិធីបុណ្យកាន់បិណ្ឌ ប្រពៃណីជាតិ រួមទាំងពិធីអបអរសាទរទិវាគ្រូបង្រៀន ថ្ងៃ ៥ តុលា និងព្រះរាជពិធីជួបជុំរម្លឹកខួប ៣០ឆ្នាំ ថ្ងៃបង្កើតរដ្ឋធម្មនុញ្ញ ជាដើម។
១-ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំអង្គភាពក្រោមចំណុះត្រៀមឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ឱ្យបានទាន់ពេលវេលា
នៅក្នុងសប្តាហ៍នេះ ទឹកភ្លៀង បានបង្កជាជំនន់ លិចតំបន់មួយចំនួន។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសណែនាំដល់អង្គភាពក្រោមចំណុះត្រៀមឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។
២- ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា គ្មានការបង្កើតពន្ធបន្ថែម សម្រាប់ដាក់បន្ទុកទៅលើពលរដ្ឋនោះទេ
កាលពីព្រឹកថ្ងៃទី៣ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណជិត ២ម៉ឺននាក់ ដែលធ្វើការ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិ៧ មកទល់ពេលនេះ គឺមិនទាន់បានបង្កើតពន្ធថ្មីណាមួយ ឬដំឡើងអត្រាពន្ធដែលមានស្រាប់ សម្រាប់ដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ។
៣-នាយករដ្ឋមន្ត្រី ប្រកាសថា ប្រាក់បន្ថែម ៤ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករកាត់ដេរ នៅឆ្នាំ២០២៤ ជារូបមន្ត “ចែកគ្នារស់ ជួយគ្នារស់”
ក្នុងពិធីសំណេះសំណាលជាមួយកម្មករកាត់ដេរ កាលពីព្រឹកថ្ងៃទី៣តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យអត្ថន័យប្រាក់បន្ថែម ៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ នៅឆ្នាំ២០២៤ ថាជារូបមន្ត “ចែកគ្នារស់ ជួយគ្នារស់” ក្នុងពេលគ្រាលំបាក។ ការឲ្យអត្ថន័យបែបនេះ ដោយសារបច្ចុប្បន្ន ប្រទេសមួយចំនួន នៅក្នុងតំបន់ មិនមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនោះទេ ព្រោះបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល។ ប៉ុន្ដែកម្ពុជា នៅតែបន្តដំឡើង សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។
៤-សម្តេចធិបតី ហ៊ុន ម៉ាណែត តបទៅអ្នកវិភាគ ដែលប្រៀបសម្តេច ទៅនឹងនាយករដ្ឋមន្ត្រីថៃ អំឡុងពេលបេសកកម្ម នៅអាមេរិក
ថ្លែងពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅអ្នកវិភាគ ដែលបានប្រៀបសម្តេច ទៅនឹងនាយករដ្ឋមន្ត្រីថៃ អំឡុងពេលបំពេញបេសកកម្ម នៅអាមេរិក។ សម្តេចធិបតី បានបញ្ជាក់ថា ដ្បិតតែសម្តេច មិនបានជួបមហាសេដ្ឋីអាមេរិក អ៊ីឡុនម៉ាស់ (E lon Musk) ដូចនាយករដ្ឋមន្ត្រីថៃ ប៉ុន្តែសម្តេចបានជួបធុរកិច្ចរបស់អាមេរិក ចំនួន ៥៨ក្រុមហ៊ុន ហើយនាពេលខាងមុខ នឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការវិនិយោគនៅកម្ពុជា។ សម្តេចចាត់ទុកការប្រៀបធៀបនេះ ជារឿងមិនត្រឹមត្រូវ ដោយសារប្រទេសនីមួយៗ មានគោលនយោបាយផ្សេងគ្នា តែគិតពីប្រជាពលរដ្ឋដូចគ្នា។
៥-សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង់គ្លេស ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យចក្រភពអង់គ្លេស ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។ ការស្នើនេះ បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ជាមួយលោក ដូមីនិច វីល្លៀម ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា នៅវិមានសន្តិភាព។
៦- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែន ពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន
ក្នុងលិខិតជូនអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា នៅមានភាពខ្វះចន្លោះ និងភាពមិនប្រក្រតីមួយចំនួន កើតចេញពីការធ្វេសប្រហែស ក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួន និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ នៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន ដែលកត្តាទាំងនេះ បានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន។ លោករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែន ពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន។
៧- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពិនិត្យលើយន្តការជ្រើសរើសនាយកសាលា ដើម្បីធានាប្រសិទ្ធភាពដឹកនាំគ្រប់គ្រង
កាលពីព្រឹកថ្ងៃទី៥ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរគ្រូបង្រៀន ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព»។ ក្នុងពិធីជួបជុំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែតុលា សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យពិនិត្យលទ្ធភាព និងពិចារណាលើយន្តការជ្រើសរើសនាយកសាលា ដើម្បីធានាដល់ការជ្រើសរើសឲ្យមានប្រសិទ្ធភាព ក្នុងដឹកនាំគ្រប់គ្រង។ សម្តេចធិបតី បានចាត់ទុកនាយកសាលា ជាតួអង្គដ៏សំខាន់ ក្នុងការដឹកនាំគ្រប់គ្រងសាលារៀនរីកចម្រើន និងលើកកម្ពស់គុណភាពអប់រំ នៅក្នុងសាលារៀនផងដែរ។
៨- រដ្ឋាភិបាល សន្សំថវិកាបានជាង ២០០លានដុល្លារ ពីការព្យួរនូវការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន ក្នុងឆ្នាំ២០២៣ នេះ
ក្នុងពិធីជួបជុំ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ថ្ងៃ៥តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាល សន្សំបានថវិកាប្រមាណជាង ២០០លានដុល្លារ ពីការព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួន នៅក្នុងឆ្នាំ២០២៣នេះ។ ថវិកាទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល យកមកបង្កើនថវិកា ជួយពលរដ្ឋជួបបញ្ហាគ្រោះទឹកជំនន់ លើផ្នែកគាំពារសង្គម និងគម្រោង ដែលចំគោលដៅចាំបាច់មួយចំនួន។
៩- កម្ពុជា ប្រារព្ធទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ
កាលពីព្រឹកថ្ងៃទី៦តុលា កម្ពុជា បានប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។ ដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ នៅក្នុងពិធីជួបជុំនេះ គឺមានសម្តេចថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
១០- ភ្ញៀវទេសចរអន្តរជាតិ ផ្តើមមានវត្តមានវិញហើយ នៅទឹកដីអង្គរ ខេត្តសៀមរាប
នៅចុងសប្តាហ៍នេះ ភ្ញៀវទេសចរអន្តរជាតិ ផ្តើមមានវត្តមានខ្លះៗវិញហើយ នៅទឹកដីខេត្តសៀមរាប ក្រោយស្ងាត់មួយរយៈធំ ក្នុងនោះ យន្តហោះដឹកអ្នកទេសចរជាតិកូរ៉េ ២គ្រឿង ដែលផ្ទុកអ្នកដំណើរជាង ៤០០នាក់ គឺជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ ព័ត៌មាននៃការកម្រើកឡើងវិញនូវចំនួនទេសចរអន្តរជាតិ ចូលមកកាន់ខេត្តសៀមរាប ក៏បានកើតមានដំណាលគ្នានឹងដំណឹងល្អ ស្តីពី ជោគជ័យនៃការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជាផងដែរ។
១១- សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា-កោះពេជ្រ តភ្ជាប់រវាងតំបន់កោះពេជ្រ និងតំបន់កោះនរា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផុតរយៈពេល ៣ថ្ងៃនេះ ការធ្វើចរាចរណ៍លើស្ពានថ្មខ្សែកាបនេះ នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ ក្រោយបញ្ចប់ការស្ថាបនាទាំងស្រុង អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់ ក្នុងករណីអាកាសធាតុអំណោយផលល្អ នៅថ្ងៃទី២៣ ខែតុលា។
១២-អ្នកធាក់ស៊ីក្លូជិត ៣០០នាក់ ទទួលបានថវិកា និងគ្រឿងបរិភោគពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនអ្នកធាក់ស៊ីក្លូ ២៩៩នាក់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ជំនួយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី៧ ខែតុលា គឺអ្នកធាក់ស៊ីក្លូម្នាក់ ទទួលបាន ៥ម៉ឺនរៀល មី ១កេស ទឹកសុទ្ធ ១កេស ត្រីខ ១យួរ បន្ថែមលើការឧបត្ថម្ភប្រចាំខែ។ រៀងរាល់ខែ អ្នកធាក់ស៊ីក្លូម្នាក់ ទទួលបាន ២១ម៉ឺនរៀល ដោយពួកគាត់ អាចបើកបាន ៣ដង ក្នុង ម្តង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ ប.ស.ស ដើម្បីឲ្យបងប្អូន អាចទៅពិនត្យ ព្យាបាលជំងឺ ដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យរដ្ឋ និងពេទ្យដៃគូរបស់ប.ស.ស៕ V / N