ដេាយ សុខុម / ស្ទឹងត្រែង : នៅល្ងាច ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់រុករាន ដីព្រៃ ខុសច្បាប់ ដែលមានទំហំ ១៥ ហិកតា ទៅអយ្យការអមសាលាដំបូងខេត្ត ក្រោយពីឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែតុលា។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ អ៊ុក ល័ក្ខ ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅចំណុចឃាត់ខ្លួន ក្បែរអូរឃ្លៀង ក្នុងភូមិសាស្ត្រភូមិអុីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរខេត្ត បានចាត់តាំងកម្លាំងចម្រុះ ស្រុក សមត្ថកិច្ច ជាច្រើនស្ថាប័នពាក់ព័ន្ធ បានចូលរួម និងដោយមានការសម្របសម្រួល ពីលោក សុិន រក្សា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត អនុវត្តច្បាប់ថ្នាក់ក្រោមជាតិ ទប់ស្កាត់បទល្មើសកាប់បំផ្លាញធនធានធម្មជាតិ បង្រ្កាបនិងឃាត់ខ្លួនបានម្នាក់ បញ្ជូនទៅ តុលាការ៕ V / N