ជនសង្ស័យ​៤​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ត្រូវ​តុលាការ​ឃុំខ្លួន

938
ចែករម្លែក

​ដោយ : ស​រិ​ទ្ធ​/ ​ភ្នំពេញ : ​ក្រុម​ជនសង្ស័យ​៤​នាក់ ដែល​ជំនាញ​ឆក់​ទ្រព្យសម្បត្តិ​ផ្សេងៗ ពី​ជនបរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ តាមផ្លូវ​សាធារណៈ​បានសម្រេច​ចំនួន​៨​លើក​នៅ​ខេត្តកណ្ដាល និង​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៦​ខែសីហា​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ជា​បន្តទៀត​។​

លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​អំពើ ឆក់​ទ្រព្យសម្បត្តិ​និង​ប្រើប្រាស់​គ្រឿងញៀន នេះ ទី​១.ឈ្មោះ ហូ ផាន់​ណា អាយុ​១៩​ឆ្នាំ, ទី​២.​ឈ្មោះ ទន់ អង្គា​បុត្រ អាយុ​២៥​ឆ្នាំ, ទី​៣.ឈ្មោះ កែវ សុខ វិសាល អាយុ​២២​ឆ្នាំ​និង​ទី​៤.​ឈ្មោះ ហេង ដា​រ័ត្ន អាយុ​២៥​ឆ្នាំ ។​

លោក​វរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ CHALOU CLARA ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 18DC 69580 ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ស្នាក់នៅ​បន្ទប់​លេខ​៦ ផ្ទះសំណាក់​ឡេ​ស៊ី​កេ​កូ ផ្លូវ​លេខ​២៥៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ សៅ ស៊ីណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​នគរបាល​ជាតិ ស្នាក់​នៅផ្ទះ​លេខ​៤៨៩ ផ្លូវ​លេខ​២៧១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ កម្លាំង​ការិយាល័យ​ជំនាញ បាន​បើក​ការស៊ើបអង្កេត​ភ្លាមៗ រយៈពេល​ពេញ​មួយ​សប្ដាហ៍​ឯណោះ ទើប​ឈានដល់​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​។​

​ក្រុម​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​ធ្វើ​សកម្មភាព​ឆក់ នាពេល​កន្លងមក​បាន​ចំនួន​៨​លើក​មកហើយ នៅឯ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល និង​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​, សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​, សង្កាត់​ផ្សារ​ដេប៉ូ​១ សង្កាត់​ទឹកល្អក់​២​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​និង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្នុង​រាជធានី​ភ្នំពេញ​។​

លោក​វរសេនីយ៍ឯក ប៊ុន សត្យា បាន​បន្ថែមថា ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ជា​ចោរឆក់​យ៉ាងសកម្ម​ទាំង​៤​នាក់ និង​ដកហូត​វត្ថុតាង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​មួយចំនួន​មាន ម៉ូតូ​៣​គ្រឿង​ម៉ាក SUZUKI NEX ពណ៌​ស ផលិត​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC-5821, ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1FY-8203, ទូរស័ព្ទដៃ​ម៉ាក​ណូគៀ ពណ៌​ខ្មៅ​១​គ្រឿង​, ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង ពណ៌​ស​២​គ្រឿង និង​ខ្សែដៃ​លោហធាតុ ពណ៌​លឿង​ស (​ក្លែងក្លាយ​) មួយ​ខ្សែ និង​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨​មួយគ្រឿង ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1E-9118, ដាវ​២​ដើម​ផងដែរ​។​

​ដោយឡែក វត្ថុតាង​ជា​របស់​ជនរងគ្រោះ​ជនជាតិ​បារាំង ដែល​ត្រូវ​បាត់បង់​មាន​កាបូបស្ពាយ ពណ៌​ខ្មៅ​ចំនួន​១ និង​លិខិតឆ្លងដែន​ចំនួន​១ រួមជាមួយ​វត្ថុតាង ជា​របស់​ជនរងគ្រោះ​ឈ្មោះ សៅ ស៊ីណា រួមមាន​ ៖ ទូរស័ព្ទដៃ​ម៉ាក IPhone5s ពណ៌​ស ១​គ្រឿង កាបូបស្ពាយ​ម៉ាក LV ពណ៌​សុក​កូ​ឡា​ចំនួន​១ និង​សោរ​បង​ផ្ទះ​ប្រើ​តេ​ឡេ​ចំនួន​១ កាបូបយួ​ដៃ​មនុស្ស​ស្រី​ចំរុះ​ពណ៌ ចំនួន​៤៨ កាបូបស្ពាយ​ចំនួន​១២ កាបូបដៃ​ចំនួន​១២ សោ​ឡាន​ចំនួន​៥ សោ​ម៉ូតូ​ចំនួន​២៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម