​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បេសកកម្ម​របស់​អ៊ីរ៉ង់​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ​ដ៏​បង្ហូរឈាម​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​ទេ នៅពេល​ដែល​ក្រុម​អ៊ីស្លាម​ហា​ម៉ាស់​បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ចំនួន ៧០០ នាក់ និង ចាប់ពង្រត់​រាប់សិប​នាក់​ទៀត​។​

​បេសកកម្ម​អ​.​ស​.​ប​របស់​អ៊ីរ៉ង់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​វិធានការ​ម៉ឺងម៉ាត់​ដែល​ធ្វើឡើង​ដោយ​ស្ថាប័ន​ប៉ាឡេ​ស្ទីន​គឺជា​ការការពារ​ខ្លួន​ស្រប​ច្បាប់​ទាំងស្រុង​ប្រឆាំងនឹង​ការកាន់កាប់​បែប​គាបសង្កត់​ជិះជាន់​និង​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​រយៈពេល​ប្រាំពីរ​ទសវត្សរ៍ ដែល​ប្រព្រឹត្ត​ដោយ​របប​អ៊ីស្រាអែល​ខុសច្បាប់​។​”

​អ៊ីរ៉ង់​មិនបាន​លាក់បាំង​ចំពោះ​ការគាំទ្រ​របស់​ខ្លួន​សម្រាប់​ក្រុម​ហា​ម៉ាស់​ទេ ដោយ​ផ្តល់​ថវិកា​និង​អាវុធ​ដល់​ក្រុម​នេះ ព្រមទាំង​អង្គការ​ជី​ហាដ​អ៊ីស្លាម​មួយទៀត​របស់​ប៉ាឡេ​ស្ទីន​។​

​ការវាយលុក​របស់​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃ​សៅរ៍ ជាការ​លុកលុយ​ដ៏​ធំ​បំផុត​ចូល​ទៅក្នុង​ប្រទេស​អ៊ីស្រាអែល​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ។​វា​កើត​ឡើង​ស្របពេល​ជាមួយនឹង​ចំណាត់ការ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​ជំរុញ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ឆ្ពោះ​ទៅរ​កការធ្វើឱ្យ​មាន​ទំ​នាក់​ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​អ៊ីស្រាអែល​ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​ការពារជាតិ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​រី​យ៉ាដ ជា​ចំណាត់ការ​មួយ​ដែល​នឹង​ធ្វើឱ្យ​មាន​ការផ្អាក​ការបង្កើត​ទំនាក់ទំនង​របស់​ព្រះរាជាណាចក្រ​នេះ​ជាមួយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។​

​បេសកកម្ម​អ​.​ស​.​ប​របស់​អ៊ីរ៉ង់​បាន​និយាយថា “​យើង​ឈរ​យ៉ាង​មុតមាំ​ក្នុង​ការគាំទ្រ​ឥតឈប់ឈរ​សម្រាប់​ប៉ាឡេ​ស្ទីន ទោះយ៉ាងណា យើង​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការឆ្លើយតប​របស់​ប៉ាឡេ​ស្ទីន​ទេ ព្រោះ​វា​ត្រូវបាន​ធ្វើឡើង​ដោយ​ប៉ាឡេ​ស្ទីន​តែឯង​ប៉ុណ្ណោះ​។​”

​ការវាយលុក​របស់​ក្រុម​យុទ្ធជន​ហា​ម៉ាស់​តាម​ទីក្រុង​នានា​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍​គឺជា​ការ​លុកលុយ​ដ៏​សាហាវ​បំផុត​ចាប់តាំងពី​ការវាយប្រហារ​របស់អេ​ហ្ស៊ី​ប និង​ស៊ី​រី​នៅក្នុង​សង្គ្រាម​យំ​គីប​ពួ (Yom Kippur) កាលពី ៥០ ឆ្នាំមុន ហើយ​បាន​គំរាម​បញ្ឆេះ​ភ្លើងសង្គ្រាម​មួយទៀត​នៅក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​។​

​បេសកកម្ម​អ៊ីរ៉ង់​ប្រចាំ​អ​.​ស​.​ប​បាន​និយាយថា “​ជោគជ័យ​” នៃ​ប្រតិបត្តិការ​របស់​ក្រុម​ហា​ម៉ាស់​គឺ​ដោយសារតែ​វា​ជា​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល ដែល​បាន​ធ្វើឱ្យ​វា​ក្លាយជា “​បរាជ័យ​ដ៏​ធំ​បំផុត​” នៃ​អង្គការ​សន្តិសុខ​របស់​អ៊ីស្រាអែល​។​

​បេសកកម្ម​របស់​អ៊ីរ៉ង់​បាន​និយាយថា “​ពួកគេ​កំពុង​ព្យាយាម​រក​លេស​ដោះសារ​ចំពោះ​បរាជ័យ​របស់​ពួកគេ ហើយ​សន្មត​ថា​វា​ជា​អំណាច​ស៊ើបការណ៍​សម្ងាត់ និង​ផែនការ​ប្រតិបត្តិកា​ររ​បស់​អ៊ីរ៉ង់​ទៅវិញ​។​”

​ជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​វាយ​ទៅលើ​ប្លុក​លំនៅឋាន ផ្លូវ​រូង​ក្រោម​ដី វិហារ​អ៊ីស្លាម និង​ផ្ទះ​របស់​មន្ត្រី​ក្រុម​ហា​ម៉ាស់​នៅ​ហ្កា​ហ្សា ដោយ​សម្លាប់​មនុស្ស​ជាង ៤០០ នាក់ រួម​ទាំង​កុមារ ២០ នាក់​៕

អ៊ីស្រាអែល​វាយប្រហារ​លើ​តំបន់​ហ្គា​ហ្សា ក្រោយ​ការ​វាយ​ឆ្ម​ក់​របស់​ក្រុម​ហា​ម៉ាស់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍