ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រតិភូកីឡាករជម្រើសជាតិប៊ីយ៉ាកម្ពុជា ចំនួន៦នាក់ ដឹកនាំដោយលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានចេញដំណើរ ទៅកាន់ប្រទេសចិន ដើម្បីទៅចូលរួមប្រកួត កីឡាប៊ីយ៉ា ពិភពលោក (World Chinese 8Ball) នៅទីក្រុងយូហាន ខេត្តជាំងស៊ី

លោកអគ្គលេខាធិការ បាននិយាយឲ្យដឹងថា ការប្រកួត នៅក្នុងខែតុលានេះ គឺជាការប្រកួតជម្រុះដ៏ធំមួយ ដែលមានកីឡាករ មកពីបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក ដោយមានចំនួនកីឡាករ មិនតិចជាង ៥០០ នាក់នោះទេ ដើម្បីស្វែងរកម្ចាស់ជ័យលាភី ប្រចាំព្រឹត្តិការណ៍ ក្នុងខែតុលា នេះផង ហើយក៏នឹងជ្រើសរើសបេក្ខភាព តាមចំនួនកំណត់សម្រាប់ការប្រកួត ជុំផ្តាច់ព្រ័ត្រ នៅប្រទេសចិនដដែល នាខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

លោកបានបន្តថា ការប្រកួតប្រភេទកីឡាប៊ីយ៉ាថ្នាក់ពិភពលោក លើវិញ្ញាសា 8Ball ដែលប្រទេសចិន ជាម្ចាស់ផ្ទះ និងជាអ្នកបង្កើតវិញ្ញាសាមួយនេះឡើង គឺចាប់ផ្ដើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣។ ចំពោះសមាសភាព កីឡាករជម្រើសជាតិ នាក់គឺមានកីឡាករ ម៉ែន សុផានិត, សោម សំណាង, ដួង ប៊ុនធឿន, សៀង កូស៊ីន និងកីឡាករ លន់ សៅជេត្តភាម ដែលកីឡាករកម្ពុជា ទាំងនេះសុទ្ធសឹងតែសម្រិតសម្រាំងចេញពី ជើងខ្លាំង ធ្លាប់ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក្នុងនោះ ក៏មានម្ចាស់មេដាយ មាស ស៊ីហ្គេមទៀតផង។

លោក ម៉ារ៉ា សុជាតិ បង្ហាញនូវជំនឿចិត្តថា ជាមួយនឹងការខិតខំហ្វឹកហាត់ ត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ ពិភពលោកនេះ លោកក៏បានដាក់ក្តីសង្ឃឹមថា កីឡាករកម្ពុជា នឹងធ្វើបានល្អ និងអាចស្វែងរកលទ្ធផល ដ៏គាប់ប្រសើរណាមួយ យកមកជូនជាតិផងដែរ។

តាមព័ត៌មានដែលទទួលបានពីសហព័ន្ធកីឡាអាស៊ីថា វិញ្ញាសា 8Ball នេះ ក៏នឹងត្រូវដាក់ បញ្ចូល ក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃដែរ។ ដូច្នេះការចូលរួមប្រកួត កម្រិតពិភពលោក ប្រទេសចិន លើកនេះ ក៏ជាការសម្រួចគុណភាពបច្ចេកទេស ឆ្ពោះទៅស៊ីហ្គេម ២០២៥ ខាងមុខ របស់ប្រទេសកម្ពុជា ស្របពេលដែលឆន្ទៈ ទឹកចិត្តដ៏មោះមុត របស់កីឡាករយើង ក៏កំពុងប្រឹងប្រែង ដើម្បីជាតិមាតុភូមិផដែរ។

លោកអគ្គលេខាធិការ បានត្អូញត្អែរថា បច្ចុប្បន្ន សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា មិនទាន់ទទួល បានការឧបត្ថម្ភគាំទ្រ ពីខាងណានោះទេដោយរាល់ការប្រកួតអន្តរជាតិនានា រាប់ទាំងការ ប្រកួតអន្តរជាតិ នៅចិននា ពេលនេះ ត្រូវរ៉ាប់រងថ្លៃសំបុត្រយន្តហោះ និងការចាយវាយ ផ្សេងៗ លើការស្នាក់នៅ ហូបចុក ដោយសហព័ន្ធផ្ទាល់ខ្លួនទាំងអស់៕/V-PC