ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ។

លោក ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ បានថ្លែងក្នុងពិធីដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍ថា គោលបំណងនៃការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈ ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យចម្បង ចំនួន ៣ រួមមាន៖ (១) ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥  (២) ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។ បន្ថែមពីលើនេះ លោកនាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា បានលើកឡើងថា តាមរយៈគំនិតផ្តួចផ្តើមបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នេះ សហគមន៍ទាំងមូលនឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និងសេវាចាំបាច់នានា ក្នុងយុគសម័យឌីជីថល។

លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃការអប់រំបែបឌីជីថល ឱ្យរឹងមាំ និងអំណោយផល ដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។

លោកបានបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំង អំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀត រវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថល បម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការបង្កើត“មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” ឡើង ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្ម និងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថល នៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។ ម្យ៉ាងទៀត អនុស្សរណៈ នៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោលដៅជំរុញកំណើន ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។

គួរបញ្ជាក់ថា “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” បានចាប់ផ្តើមសាងសង់ នៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេ នៅស្រុកបាទី ខេត្តតាកែវ ហើយនាយកវិទ្យាល័យ បានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អ នៅទូទាំងប្រទេស។ គម្រោង ម.ប.ស. នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស៕ V / N