ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ AFC Futsal Asian Cup 2024 Qualifiers សម្រាប់ពូល G ដែលធ្វើនៅប្រទេសអ៊ូបេគីស្ថាន ម្សិលមិញនេះ ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា ចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ០ទល់៧។
នេះជាការប្រកួតទី២ របស់ក្នុងកម្ពុជា ដែលការប្រកួតដំបូង កម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ១ទល់៦។ ការប្រកួតដែលធ្វើនៅទីលាន Samo sports Complex ក្រុមអ៊ីរ៉ាក់ ដែលមានកំពស់ខ្ពស់ៗនោះ បានកៀបសង្កត់ ក្រុមកម្ពុជា តាំងពីដំបូងដៃ មកម្ល៉េះ។
នៅតង់ទី១ ក្រុមអ៊ីរ៉ាក់ បាននាំមុខក្រុមកម្ពុជា ៣ទល់០ ទៅហើយ លុះមកដល់តង់ទី២ ក្រុម អ៊ីរ៉ាក់ រកបាន ៤ គ្រាប់ទៀត ដែលនេះជាគ្រាប់បាល់បញ្ចប់ នៃជ័យជំនះតែម្ដង។ ការប្រកួត បានបញ្ចប់ដោយកម្ពុជា ចាញ់អ៊ីរ៉ាក់ ០ទល់៧។
ប្រកួតក្នុងពូល G នេះដែរ ក្រុមជម្រើសជាតិម៉ាឡេស៊ី ចាញ់ម្ចាស់ផ្ទះអ៊ូបេគីស្ថាន ៣ទល់៤។ សូមបញ្ជាក់ថា ពូល G មានកម្ពុជា អ៊ីរ៉ាក់ ម្ចាស់ផ្ទះអ៊ូបេគីស្ថាន និងម៉ាឡេស៊ី។
កម្ពុជានៅសល់មួយប្រកួតទៀត ជាមួយម៉ាឡេស៊ី ដែលនោះជាការប្រកួតបង្គ្រប់កិច្ច តែប៉ុណ្ណោះ ព្រោះទោះបីចាញ់ ឬឈ្នះ ក៏កម្ពុជា មិនមានឱកាសឡើង ទៅវគ្គបន្តដែរ៕/V/r