ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការសហប្រជាជាតិ ក្រុមជំនួយ និងអ្នកជំនាញសុខភាពសាធារណៈបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងកាលពីថ្ងៃចន្ទអំពីតម្រូវការមនុស្សធម៌នៅក្នុងតំបន់ប៉ាឡេស្ទីន ខណៈដែលអ៊ីស្រាអែលត្រៀមពង្រឹងសាច់ដុំយោធានិងបិទខ្ទប់តំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍ដោយពួកសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់និងចាប់ជំរិតជនស៊ីវិលរាប់រយនាក់ក្នុងប្រទេសអ៊ីស្រាអែល។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បានដឹកនាំការអំពាវនាវខ្លាំងៗច្បាស់ៗនេះ ដោយយកចិត្តទុកដាក់លើជនស៊ីវិលទាំងនៅអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា និង បន្តថ្កោលទោសចំពោះការសម្លាប់និងការចាប់ចំណាប់ខ្មាំងពីសំណាក់ក្រុមហាម៉ាស។ លោកក៏បានព្រមានអំពីលទ្ធភាពនៃការបាត់បង់ជីវិតមនុស្សស្លូតត្រង់បន្ថែមទៀតផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក លោកគូថេរ៉េសបាននិយាយថា មនុស្សជាង ១៣៧.០០០ នាក់នៅហ្កាហ្សា ឬប្រហែល ៦% នៃចំនួនប្រជាជនរបស់ខ្លួន ឥឡូវនេះកំពុងជ្រកកោននៅកន្លែងដែលគ្រប់គ្រងដោយ UNRWA ដែលជាទីភ្នាក់ងារជំនួយសម្រាប់ប៉ាឡេស្ទីន។ លោកបានលើកឡើងពីរបាយការណ៍នៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើកន្លែងដូចជាសាលារៀន មណ្ឌលសុខភាព និងអគារផ្ទះល្វែងខ្ពស់ៗ។
លោកបាននិយាយថា “ខ្ញុំមានទុក្ខព្រួយយ៉ាងខ្លាំងចំពោះការប្រកាសនៅថ្ងៃនេះថា អ៊ីស្រាអែលនឹងចាប់ផ្តើមការឡោមព័ទ្ធទាំងស្រុងលើតំបន់ហ្កាហ្សាស្ទ្រីប ដោយគ្មានអ្វីត្រូវបានអនុញ្ញាតនាំចូលទេ សូម្បីអគ្គិសនី អាហារ ឬប្រេងឥន្ធនៈ។”
លោកគូថេរ៉េសបាននិយាយថា “ស្ថានភាពមនុស្សធម៌នៅហ្គាហ្សាគឺធ្ងន់ធ្ងរខ្លាំងណាស់ទៅហើយ មុនពេលអរិភាពទាំងនេះ។ ឥឡូវនេះ វានឹងកាន់តែយ៉ាប់យ៉ឺនជាលំដាប់។”
ប្រមុខអ.ស.បបានប្រយ័ត្នប្រយែងក្នុងការនិយាយអំពីការបំផ្លិចបំផ្លាញនិងការរងទុក្ខយ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនអ៊ីស្រាអែលចាប់តាំងពីថ្ងៃសៅរ៍ ដោយថ្កោលទោសចំពោះការបាញ់ស្រោច “គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ ដែលបានទៅដល់ភាគកណ្តាលអ៊ីស្រាអែល រួមទាំងទីក្រុងតែលអាវីវ (Tel Aviv) និង ទីក្រុងហ្ស៊េរុយសាឡិម” ព្រមទាំងរបៀបដែលប្រជាជនអ៊ីស្រាអែលរាប់រយនាក់ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួស។
លោកគូថេរ៉េសបាននិយាយថា “ខ្ញុំទទួលស្គាល់ការសោកសង្រេងស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែគ្មានអ្វីអាចបង្ហាញអំពីភាពត្រឹមត្រូវនៃអំពើភេរវកម្មនិងការសម្លាប់ ការធ្វើទារុណកម្ម និងការចាប់ពង្រត់ជនស៊ីវិលបានឡើយ។”
លោកក៏បានកត់សម្គាល់ផងដែរពីរបៀបដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបាន “វាយលុកតំបន់ហ្កាហ្សា” ហើយបានលើកឡើងពីរបាយការណ៍នៃប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់និងរាប់ពាន់នាក់រងរបួស។
ការិយាល័យអ.ស.បសម្រាប់ការសម្របសម្រួលនៃជំនួយមនុស្សធម៌ ឬ OCHA បាននិយាយថា ការខូចខាតចំពោះទឹកស្អាត អនាម័យ និងបរិក្ខារអនាម័យនៅតំបន់ហ្គាហ្សាបានរារាំងសេវាកម្មសម្រាប់មនុស្សជាង ៤០០.០០០ នាក់ ឬប្រហែលមួយភាគប្រាំនៃចំនួនប្រជាជនសរុប។
អ៊ីស្រាអែលគ្រប់គ្រងធនធានទឹកភាគច្រើននៅក្នុងដែនដីប៉ាឡេស្ទីន ដែលជាតំបន់មួយខ្វះទឹកបំផុតក្នុងពិភពលោក។ អ្នកជំនាញនិយាយថា ការទម្លាក់គ្រាប់បែកនិងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធទឹកដែលខ្សោយរួចជាស្រេចរបស់តំបន់ហ្កាហ្សា នឹងធ្វើឱ្យបញ្ហាកាន់តែអាក្រក់នៅក្នុងតំបន់ ដែលមានបញ្ហាក្រពះពោះវៀន ថ្លើម និងស្បែករួចទៅហើយ ដោយសារកង្វះទឹកស្អាតធ្ងន់ធ្ងរ៕
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស ថ្លែងអំពីស្ថានភាពនៅអ៊ីស្រាអែលកាលពីថ្ងៃចន្ទ