ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គ្រូបង្រៀនផ្នែកសាកវប្បកម្មម្នាក់នៅរដ្ឋមីនណេសូតា (Minnesota) បានបង្កើតឯតទគ្គកម្មពិភពលោកនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទសម្រាប់ល្ពៅធ្ងន់បំផុត បន្ទាប់ពីដាំផ្លែល្ពៅដ៏ធំ ដែលមានទម្ងន់ ២.៧៤៩ ផោន (១.២៤៧ គីឡូក្រាម)។
លោក ត្រាវីស ហ្គីនហ្គើ (Travis Gienger) មកពីទីក្រុងអាណូកា (Anoka) រដ្ឋមីនណេសូតា បានឈ្នះការប្រកួតជើងឯកទម្ងន់ល្ពៅពិភពលោកលើកទី ៥០ នៅទីក្រុងហាហ្វមូនបេ (Half Moon Bay) រដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងល្ពៅពណ៌ទឹកក្រូចដ៏ធំសម្បើមដែលអាចផលិតនំបានយ៉ាងហោចណាស់ ៦៨៧ ដុំ។
លោកហ្គីនហ្គើ អាយុ ៤៣ ឆ្នាំ ដែលបានដាំល្ពៅអស់រយៈពេលជិត ៣០ ឆ្នាំហើយកាលពីឆ្នាំមុនបានបង្កើតកំណត់ត្រាថ្មីនៅសហរដ្ឋអាម៉េរិកសម្រាប់ការដាំផ្លែល្ពៅយក្ស បាននិយាយថា “ខ្ញុំមិនបានរំពឹងទុកអ៊ីចឹងនោះទេ។ វាពិតជាមានអារម្មណ៍រំភើបណាស់។”
ឯតទគ្គកម្មពិភពលោកពីមុនសម្រាប់ល្ពៅធ្ងន់បំផុតត្រូវបានបង្កើតឡើងដោយអ្នកដាំដុះម្នាក់នៅប្រទេសអ៊ីតាលី ដែលដាំល្ពៅទម្ងន់ ២.៧០២ ផោន (១.២២៦ គីឡូក្រាម) ក្នុងឆ្នាំ ២០២១ នេះបើយោងតាមសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេស។
លោកហ្គីនហ្គើបានដាំផ្លែល្ពៅរបស់គាត់នៅក្នុងចម្ការល្ពៅក្នុងសួនក្រោយផ្ទះរបស់គាត់។ គាត់បាននិយាយថា ឆ្នាំនេះគាត់បានសម្រេចចិត្តផ្តល់ការថែទាំបន្ថែមដល់រុក្ខជាតិរបស់គាត់ ដោយស្រោចទឹកដល់ទៅ ១២ ដងក្នុង ១ ថ្ងៃ ហើយផ្តល់ចំណីនិងដាក់ជីឱ្យវាច្រើនជាងធម្មតាបន្តិច។
លោកហ្គីនហ្គើ ដែលជាគ្រូបង្រៀនផ្នែកប្លង់ទស្សនីយ៍និងសាកវប្បកម្មនៅមហាវិទ្យាល័យបច្ចេកទេសអាណូកា (Anoka) បានដាំល្ពៅតាំងពីគាត់នៅវ័យជំទង់ ដែលបំផុសគំនិតពីឪពុករបស់គាត់ ដែលអ្នកដាំល្ពៅផងដែរ។ គាត់បានប្រកួតប្រជែងជាលើកដំបូងនៅក្នុងការប្រកួតទម្ងន់ល្ពៅប្រចាំឆ្នាំនៅក្រុងហាហ្វមូនបេ ក្នុងឆ្នាំ ២០២០ ហើយបានឈ្នះការប្រកួតល្ពៅយក្សចំនួន ៣ ដងចុងក្រោយរបស់ទីក្រុងនេះ៕
ល្ពៅយក្សរបស់លោកហ្គីនហ្គើឈ្នះជើងឯកទម្ងន់ល្ពៅឆ្នាំ២០២៣