ដោយៈ សិក្ខារិន / ពោធិ៍សាត់ៈ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈ គ្រូពេទ្យជាតិ មន្ទីរសុខាភិបាលខេត្ត និងក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តពោធិ៍សាត់ បានសហការរៀបចំ ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩ នៅសាលប្រជុំមន្ទីរ សុខាភិបាលខេត្ត ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បច្ចេកទេស និងពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រកបមុខរបរវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រ ទាំងការផ្តល់សេវាសាធារណៈ និងឯកជន របស់ក្រុមប្រឹក្សាគណៈ គ្រូពេទ្យថ្នាក់ខេត្ត។
លោកវេជ្ជបណ្ឌិត ខៀវ ពុទ្ធារិទ្ធ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រោមការផ្តល់បច្ចេកទេស និងសម្របសម្រួល ពីក្រុមប្រឹក្សាគណៈ គ្រូពេទ្យថ្នាក់ជាតិ បានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩ ក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់គ្រូពេទ្យ តាមរយៈការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត និងគ្រូពេទ្យ ដែលកំពុងបម្រើការងារ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងវិស័យឯកជន។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ឆ្នាំ២០២៣ ស្ថានភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តពោធិ៍សាត់ ដែលបានចុះបញ្ជីមានចំនួន ១០៨នាក់ បានសុំបន្តអាជ្ញាបណ្ណ ៦នាក់ សុំអាជ្ញាបណ្ណថ្មី ២០នាក់ សុំចុះបញ្ជីជាសមាជិកថ្មី ៩នាក់ មិនទាន់បានដាក់ពាក្យសុំចូល សមាជិក ៧នាក់ និងមិនទាន់មកសុំបន្តសុពលភាព ២នាក់ ចំពោះស្ថានភាពភូមិសាស្ត្រ និងផែនការគ្របដណ្តប់វិស័យសុខាភិបាល មានមន្ទីរបង្អែកខេត្ត កម្រិត៣ ចំនួន១ មន្ទីរពេទ្យបង្អែកកម្រិត១ ចំនួន៣ មណ្ឌលសុខភាព ចំនួន៤៨ ប៉ុស្តសុខភាព ចំនួន៣ និងគ្របដណ្តប់ប្រជាពលរដ្ឋ ជាង ៥២ ម៉ឺននាក់។
ក្នុងពិធីនោះដែរ លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាង លោក ខូយ ឌី ទីប្រឹក្សាក្រសួងសុខាភិបាល បានថ្លែងការស្វាគមន៍ និងបានសម្តែង ការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគណៈគ្រូពេទ្យ និងមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំបំពេញ តួនាទីភារកិច្ច ក្នុងការពិនិត្យនិងព្យាបាលជំងឺទាំងផ្នែកសាធារណៈ និងឯកជន តែងតែប្រឈមទៅនឹងស្ថានភាព ខ្វះខាតទាំងធនធានមនុស្ស សម្ភារ និងបរិក្ខារ អ្នកជំងឺច្រើនលើសលុប ដែលពួកគេ ភ័យព្រួយពីសុខភាព ទាមទារឱ្យគ្រូពេទ្យ ពិនិត្យ និងព្យាបាល បានទាន់ពេលវេលា អ្នកជំងឺតែងតែមានអាកប្បកិរិយាខុសឆ្គង មកលើគ្រូពេទ្យ តែរឿងសំខាន់នោះ គ្រូពេទ្យ មិនត្រូវប្រើសំដី សំដៅអាកប្បកិរិយា មិនសមរម្យតបតវិញឡើយ ត្រូវគិតថា គ្រូពេទ្យ គឺជាមនុស្សមានសមត្ថភាពខ្ពស់ រៀនសូត្របានច្រើន យល់ដឹងខុសត្រូវ។
លោកបានថ្លែងទៀតថា កិច្ចការព្យាបាល ថែទាំជំងឺ គ្រូពេទ្យ ត្រូវមានសមត្ថភាពជំនាញ គួបផ្សំជាមួយគុណធម៌ សីលធម៌ វិជ្ជាជីវៈ និងមានទំនាក់ទំនងល្អ ជាមួយអ្នកជំងឺ ទោះជាអ្នកជំងឺនោះ ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ត្រូវតែយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះ ការផ្តល់សេវាសុខាភិបាល មើលឃើញថា ពួកយើងជាពេទ្យ ត្រូវហ៊ានទទួលស្គាល់ អំពីចំណុចខ្វះខាត ទាមទារឱ្យមានការកែលម្អ និងលុបបំបាត់ ឱ្យបានដាច់ខាត។ ជាមួយគ្នានោះ ត្រូវទទួលស្គាល់ពីការបារម្ភ ការភ័យខ្លាចរបស់ ប្រជាពលរដ្ឋ ចំពោះ គុណភាព សុវត្ថិភាព និងភាពទទួលខុសត្រូវ ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈរបស់ គ្រូពេទ្យ ដូចនេះ យើងត្រូវតែព្យាយាម ធ្វើតែអំពើល្អជាមួយពលរដ្ឋ ដែលមានជំងឺ ជាប់ជានិច្ច។
ក្នុងនាមថ្នាក់ដឹកនាំ លោកវេជ្ជបណ្ឌិត តឹក សុភាព បានថ្លែងថា ថ្នាក់ដឹកនាំមន្ទីរ សូមឱ្យសមាជិក សមាធិកា ផ្តោតការយកចិត្តទុក ដាក់ទៅលើបទបង្ហាញ ដើម្បីទទួលយកបាន នូវបទពិសោធន៍ និងចំណេះដឹងសម្រាប់ជា ត្រីវិស័យ ក្នុងការពង្រឹងសមត្ថភាព ទាំងផ្នែកបច្ចេកទេស ក្រមសីលធម៌ ស្វ័យភាព ឆន្ទៈ និងសុចរិតភាពកាត់បន្ថយជាបណ្តើៗ និងឈានទៅលុបបំបាត់ទាំងស្រុង នូវភាពអសកម្ម និងចំណុចអវិជ្ជមាន ដោយធ្វើយ៉ាងណា ឱ្យការផ្តល់សេវាកម្ម ផ្នែកវេជ្ជសាស្រ្ត ប្រកបដោយគុណភាព គុណធម៌ សមធម៌ កាត់បន្ថយហានិភ័យផ្សេងៗ ដែលជាគោលការណ៍គ្រឹះ និងចូលរួមចំណែកជាមួយគណៈវិជ្ជាជីវៈវេជ្ជសាស្រ្តជាតិ នៃក្រសួងសុខាភិបាល និងកាត់បន្កយអត្រាឈឺ និងអត្រាស្លាប់ ដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ នៃប្រទេសរបស់យើង ៕/V/r