ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ង្វៀន ហ៊ុយតាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសា ធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២៣បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍និងការពារជាតិ ។ ជំនួបនេះក៏បានផ្តោតការពិភាក្សាផងដែរអំពីយន្តការត្រីភាគីកម្ពុជា-ឡាវ-វៀតណាមសំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធនិងរឹងមាំបន្ថែមទៀត ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូតវៀតណាមក្នុងជំនួបថ្ងៃនេះដែលជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ។

លោក ង្វៀន ហ៊ុយតាំង បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាជាពិសេសក្នុងរយៈកាលចុងក្រោយនេះគឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរ ជាតិសំខាន់ៗជាអាទិ៍៖កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ,ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣និងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាជាដើម ។ល។

លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងផងដែរនូវភាពសប្បាយរីករាយចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមដែលមានការរីកចម្រើនលូតលាស់ជាលំដា ប់លើគ្រប់វិស័យហើយរដ្ឋាភិបាលវៀតណាមបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នៅគ្រប់កម្រិតជាពិសេសវិស័យពាណិជ្ជកម្ម,ទេសចរណ៍, ការពារជាតិនិងសន្តិសុខក៏ដូចជានឹងបន្តសំឡឹង មើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត ។ បន្ថែមពីនេះទៀតលោកឯកអគ្គរដ្ឋទូតវៀតណាមបានបង្ហាញនូវបំណងក្នុងការគោរពអញ្ជើញសម្តេចធិបតីទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ ៕