ដោយៈសុផល.ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំង អស់ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេស តាមនីតិវិធីពិសេសដែលក្រសួងបាន និងកំពុងរៀបចំ អនុក្រឹត្យថ្មី ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ។
សំណើនេះ បានត្រូវលើកឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
យោងតាមក្រសួងរៀបចំដែនដីនគររូបនីយនិងសំណង់ នីតិវិធី ពិសេសនេះអនុញ្ញាតឱ្យក្រសួង-ស្ថាប័ន សាមីជា អ្នក កំណត់ តំបន់ វិនិច្ឆ័យដីរដ្ឋ ដើម្បីឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការចុះបញ្ជីនិងមានក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកគ្រប់ គ្រង។
អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី ការធ្វើចំណាត់ថ្នាក់ និងការចុះបញ្ជីដីរដ្ឋក្នុង គោលបំណងដើម្បីធានាការពារកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើដីរដ្ឋ៕សរន / N