ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខណៈតារាភាគច្រើនបានចៀសវាងការបញ្ចេញសំឡេងគាំទ្រដល់អ៊ីស្រាអែលបន្ទាប់ពីអំពើឃោរឃៅរបស់ក្រុមហាម៉ាសដោយសារតែខ្លាចបាត់បង់អ្នកគាំទ្រ អតីតស្រីជែមស៍ប៊ន នាង អូលហ្គា គូរីលេនកូ (Olga Kurylenko) ហ៊ានអើតក្បាលមើលរំលងពីលើរបងសុវត្ថិភាពនេះ។
តារាស្រីជនជាតិអ៊ុយក្រែនកាត់បារាំងវ័យ៤៣ឆ្នាំ ដែលសម្តែងជាតួស្រីជាមួយលោក ដានីញែល ក្រេក (Daniel Craig) ក្នុងរឿង Quantum of Solace បានបង្ហោះសារនៅលើបណ្តាញសង្គមបង្ហាញពីការអាណិតអាសូររបស់នាង។ ទោះយ៉ាងណា នាងទទួលបានការប្រមាថជាខ្លាំង ដែលក្រោយមកនាងបានលុបសារបង្ហោះរបស់នាងចោលវិញ។
នាងបាននិយាយក្នុងសារជាបន្តបន្ទាប់ថា “ខ្ញុំឆ្អែតឆ្អន់ជាមួយនឹងសម្អប់របស់អ្នក និង ការស្រេកឈាមរបស់អ្នកហើយ”។
“អ្នកដែលគាំទ្រភេរវកម្មនិងការសម្លាប់មនុស្សគួរតែខ្មាស់ខ្លួនឯង។ ខ្ញុំបានលុបចោលសារបង្ហោះរបស់ខ្ញុំឥឡូវនេះហើយ ហើយខ្ញុំនឹងមិនបង្ហោះសារសន្តិភាពណាមួយទៀតឡើយ”។
អតីតតារាបង្ហាញម៉ូតរូបនេះបានបន្ថែមថា “ខ្ញុំជាមនុស្សចិត្តល្អ ហើយមិនដែលកាន់ជើងខាងណាមួយឡើយ ទោះបីជាអ្នកព្យាយាមបកស្រាយខ្ញុំបែបនោះក៏ដោយ។ អ្នកនឹងមិនជោគជ័យទេ។ អ្នកមិនបានដឹងពីរបៀបដែលខ្ញុំយល់ច្បាស់ពីគ្រប់ភាគីនៅក្នុងសង្គ្រាមនោះទេ”។
“ហើយពិតណាស់ បេះដូងខ្ញុំហូរឈាមសម្រាប់ជាតិសាសន៍ទាំងពីរ ដែលកំពុងស្លាប់។ ប៉ុន្តែអ្នកខឹងខ្លាំងពេកមិនអាចយល់បានទេ ហើយអ្នកមិនសមនឹងទទួលបានការគាំទ្រពីខ្ញុំទេ”។
តារាផ្សេងទៀត ដែលបានបង្ហាញពីសាមគ្គីភាពរបស់ពួកគេសម្រាប់អ៊ីស្រាអែល រួមមាននាងម៉ាដូណា លោកស្រី ជេមី លី ឃួទីស (Jamie Lee Curtis) ក្រុមតន្ត្រីរ៉ុក U2 និងនាង កាយលី ជេនន័រ (Kylie Jenner)។
តារាទូរទស្សន៍និងជាមហាសេដ្ឋីតុបតែងខ្លួន ជេនន័របានបាត់បង់អ្នកគាំទ្រចំនួន ១ លាននាក់ក្នុងចំណោម ៤០០ លាននាក់នៅលើ Instagram សម្រាប់ការបង្ហោះសារដែលនាងបានលុបចោលវិញ៕
នាង អូលហ្គា គូរីលេនកូ រងការរិះគន់យ៉ាងសម្បើមសម្រាប់ការអាណិតជនរងគ្រោះពីការសម្លាប់របស់ពួកហាម៉ាស