ដោយៈ ប.ខុន / ភ្នំពេញៈ ក្រុមការងារអធិការកិច្ច ផ្នែករដ្ឋបាលជលផល កំពង់លាវដឹកនាំកម្លាំងក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់បទល្មើស ជលផលបានមួយករណី ដោយបានរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន ១៦ មាត់ របាំងព្រួលស្បៃមុងប្រវែង ៨៨០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៦០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ២៥ គីឡូក្រាម។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃទី ១០ តុលា ក្រុមការងារអធិការកិច្ចផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល បានមួយករណីដោយក្រុមការងារ សម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង នៅចំណុចអាចាង៉ែ ភូមិព្រែកកន្លោង ឃុំព្រែកកន្លោង ស្រុកពោធិរៀង ខេត្តព្រៃវែង។
នាយខណ្ឌរដ្ឋបាលជលផលខាងលើ បានបញ្ជាក់ថា វត្ថុតាងដែលត្រូវបានធ្វើការរុះរើ និងបំផ្លាញចោល រួមមាន លូស្បៃមុងចំនួន ១៦ មាត់ របាំងព្រួលស្បៃមុង ប្រវែង ៨៨០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៦០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ទម្ងន់ ២៥ គីឡូក្រាម ចូលបឹងធម្មជាតិវិញ ៕ V / N