ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមសហការជាមួយ មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត បានប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ពិភព លោក លើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង រួមនឹងទិវាពិភពស្អាតលើកទី៦ ឆ្នាំ២០២៣” ដែលជាបញ្ហាប្រឈមដែលយើងទាំងអស់ គ្នា ត្រូវរួមកម្ចាត់ ពិសេសសំរាមថង់ប្លាស្ទិក សម្បកកំប៉ុង ចានស្នោជាដើម។

មន្ត្រីអន្តរមន្ទីររដ្ឋបាល បានឱ្យដឹង កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ ថា ទិវាទេសចរណ៍នេះ ក៏ដើម្បីរួមចំណែកដ៏ខ្លាំងក្លា ក្នុងការជំរុញវិស័យទេសចរណ៍ ក្នុងខេត្ត ក្នុងនោះ​ មានការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅទស្សនារមណីយដ្ឋាន និងកន្លែងនានាក្នុងខេត្ត និងមួយទៀត សម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ឱ្យភ្ញៀវឆ្លងកាត់ខេត្តនេះ ទៅខេត្ត និងរាជធានីផ្សេងទៀត ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា វិស័យទេសចរណ៍ នៅកម្ពុជាយើង ដូចជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ឲ្យវិស័យ ទេសចរណ៍ ត្រូវបានកំណត់ជាវិស័យអាទិភាព “ជាមាសបៃតង” ជាវិស័យបង្កើតការងារ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូល ថែមទាំងទាក់ទាញ ពីបរទេស ព្រមទាំងលំហូរចូលភ្ញៀវទេសចរ កាន់តែច្រើន ដែលជាកត្តារួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា និងខេត្ត ។

លោក ង៉ោ ម៉េងជ្រួន អភិបាលស្តីទី ខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារសារ បញ្ជាក់ថា ជាតំបន់ទេសចរណ៍ និងការវិនិយោគបៃតងនេះ ពិតជាបាន រំលេច កាន់តែច្បាស់ថែមទៀត ពីតួនាទីវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចបៃតង កន្លងទៅ កម្ពុជាបានក្លាយជាប្រទេសដំបូងគេ នៅក្នុងតំបន់ដែលបាន បើកប្រទេស ពេញលេញ លើគ្រប់វិស័យ ប្រកបដោយសុវត្ថិភាព ក្រោយវិបត្តិសាកល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕ V / N