ដោយៈ ភ្នំស្វាយ / ទីក្រុងហ្គូយ៉ាង -កូរ៉េខាងត្បូងៈ ប្រតិភូខេត្តបន្ទាយមានជ័យ បានធ្វើទស្សនកិច្ចស្វែងយល់ និងស្រង់បទពិសោធន៍ លើការងារអភិវឌ្ឍន៍ នៃទីក្រុងហ្គូយ៉ាង ខេត្តយ៉ុងហ្គី (ជិតរដ្ឋធានីសេអ៊ូល) សាធារណរដ្ឋកូរ៉េ ។
សូមបញ្ចាក់ថា លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តដឹកនាំប្រតិភូខេត្ត បន្ទាយមានជ័យ បានបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីសិក្សាពី ការអភិវឌ្ឍរបស់ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ០៥-១១ ខែតុលា ឆ្នាំ២០២៣ ក្រោមការរៀបចំ និងឧបត្ថម្ភដោយ អង្គការហាឆាន់ខាំអន្តរជាតិ-កូរ៉េ។ អង្គការហាឆាន់ខាំ អន្តរជាតិ-កម្ពុជា មានការិយាល័យកណ្តាល នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រតិភូ រួមមាន លោកអភិបាលខេត្ត និងលោកស្រី លោកអភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡា លោកប្រធាន មន្ទីរធម្មការ និងសាសនា លោកអនុប្រធានមន្ទីរពាណិជ្ជកម្ម លោកអភិបាលក្រុងប៉ោយ ប៉ែត លោកអភិបាលស្រុកអូរជ្រៅ អភិបាលរងក្រុងសិរីសោភ័ណ លោកប្រធានការិយា ល័យ សុខាភិបាលប្រតិបត្តិ ក្រុងសិរីសោភ័ណ និងអ្នកមកពីវិស័យឯកជន ជាដើម ។
មន្ត្រីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី ១០ ខែតុកលា ឆ្នាំ២០២៣ ថា លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងប្រតិភូបានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោក លី ដុងហេ (Mr Lee Dong Hea ) អភិបាលក្រុងស្វ័យ័តហ្គូយ៉ាង (Goyang Autonomous Special Ciity) នៃខេត្តយ៉ុងហ្គី (Gyeonggi province) ។ វាជាជាទីក្រុងស្វយ័តមានហេដ្ឋា រចនាសម្ព័នល្អ មានផ្ការីកស្គុះស្គាយច្រើនប្រភេទ ដែលកសិករសម័យទំនើប បានដាំ និងផលិតបែបប្រពលវប្បកម្ម សម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស។
លោក លី ដុងហេ (Mr Lee Dong Hea) បានស្វាគមន៍ដ៏កក់ក្តៅចំពោះភ្ញៀវ ជាមិត្តល្អនេះ ដោយបានធ្វើមគ្គុទេសក៍ណែនាំថា Goyang ជាទីក្រុងស្វ័យតមួយ ដែលមានធម្មជាតិ ស្រស់បំព្រង ប្រវត្តិសាស្ត្រក្នុងតំបន់ និងជីវិតរស់នៅល្អប្រសើរ ។
ទីក្រុងនេះ ស្ថិតនៅក្នុងខេត្តយ៉ុងហ្គី ជាខេត្តភាគខាងជើង នៃប្រទេសកូរ៉េខាងត្បូង ឬនៅខាងជើងរដ្ឋធានីសេអ៊ូល ដោយគេអាចធ្វើដំណើរលើផ្លូវល្បឿនលឿន (Auto Route) ក្នុងរយៈពេលតែ ៥០ នាទីប៉ុណ្ណោះ ។ វាជាទីក្រុងធំជាងគេបង្អស់ ហើយ ជឿនលឿនមួយ ក្នុងចំណោមទីក្រុងនានា នៅជុំវិញតំបន់ នៃរដ្ឋធានីសេអ៊ូល ។
ទីក្រុងមានផ្ទៃដី ២៨៦,១ គីឡូម៉ែត្រក្រឡា មានពលរដ្ឋរស់នៅជាង ១ លាននាក់ (គិតត្រឹមឆ្នាំ២០២២) ។ សីតុណ្ហភាព ជាមធ្យម ១៤ អង្សារសេ ។ ទីក្រុង Goyang ឥឡូវនេះ កំពុងក្លាយជាទីក្រុងតំណាងមួយ ក្នុងសតវត្សរ៍ទី២១ នៅក្នុងប្រទេសកូរ៉េ ខាងត្បូង លើផ្អែកលើប្រវត្តិសាស្ត្រ និងប្រពៃណី ។
លោក លី បានបន្តថា ទីក្រុងហ្គូយ៉ាង ត្រូវបានប្រែក្លាយជាទីក្រុងល្អបំផុតមួយ តាមរយៈសារៈប្រយោជន៍ នៃសេដ្ឋកិច្ចក្នុងតំបន់ និងមានតំបន់លំនៅដ្ឋាន ដែលងាយ ស្រួលផ្តល់ផាសុកភាព បរិស្ថានល្អ ប្រព័ន្ធដឹកជញ្ជូនដ៏ងាយស្រួល និងកម្រិតអន្តរជាតិ ។
មានមជ្ឈមណ្ឌលកីឡា វប្បធម៌ ហើយនិងមានគ្រឿងបរិក្ខារឧស្សាហកម្ម យ៉ាងសំបូរបែប ជាដើម ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ និងក្រុងហ្គូយ៉ាង នឹងបន្តកិច្ចសហប្រតិការល្អ ជាមួយគ្នា ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយការបរទេស នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា និងដែលដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងទំនាក់ទំនងការបរទេស រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
លោក អ៊ុំ រាត្រី បានបន្តថា ជាចុងក្រោយ លោកក្នុងនាមប្រធានប្រតិភូ បានអញ្ជើញ ប្រតិភូទីក្រុងហ្គូយ៉ាង (Goyang) មកបំពេញទស្សនកិច្ចផ្លូវការ ក្នុងខេត្តបន្ទាយ មានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង សក្តានុពល និងបង្កើតឱកាសវិនិយោគ ក្នុងទឹកដីខេត្តនេះ ។
តមក ប្រតិភូបានអញ្ជើញទស្សនា ពិធីបុណ្យផ្កាហេមន្តរដូវ (រដូវស្លឹកឈើជ្រុះ) (Autumn Flower Festival) នៅទីក្រុងនេះ ៕ V / N