ដោយៈ ប.ជ័យ -អូរស្មាច់ / ឧត្តរមានជ័យៈ ចាប់តាំងពីថ្ងៃទី ៧ ដល់ ១១ ខែតុលា ឆ្នាំ២០២៣ គេបានឃើញពលកខ្មែរ ដែលធ្វើការងារនៅឯប្រទេសថៃ រាប់រយនាក់ ក្នុង១ថ្ងៃ បានធ្វើដំណើរមាតុភូមិនិវត្តន៍ មកកម្ពុជា តាមច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទិដ្ឋភាពបែបនេះ វាខុសគ្នាស្រឡះ បើប្រៀបធៀបនឹងកាលពីឆ្នាំ ២០១៩, ២០២១ និង ២០២២ ជាអំឡុងពេលនៃវិបត្តិសាកល នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។
លោក ឯម បញ្ជារិទ្ធ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ បានឲ្យដឹង នាថ្ងៃទី ១០ ខែតុលាថា នៅដើមខែតុលា ឆ្នាំ២០២៣ នេះ ចាប់ពីថ្ងៃទី ៧ មក គេសង្កេតឃើញថា បងប្អូនពលករខ្មែរ ធ្វើការងារនៅឯប្រទេសថៃនោះ ចាប់ផ្តើមធ្វើ ដំណើរមាតុភូមិនិវត្តិន៍ ឆ្លងដែនចេញពីប្រទេសថៃ មកកម្ពុជាវិញ ជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃៗ រាប់រយនាក់។ បំណងពួកគេ គឺដើម្បីមកជួបជុំក្រុមគ្រួសារ ដែលនឹករលឹកនៅឯស្រុកកំណើត និងបានធ្វើបុណ្យទាន ក្នុងឱកាសបុណ្សភ្ជុំបិណ្ឌ ក្នុងពេលដ៏ខ្លី ខាងមុខនេះ ។
លោកបានបន្តថា ជាមួយនឹងលំហូរពលករខ្មែរ វិលមកស្រុក កំណើត នាឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ មន្ត្រីអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច នៅច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់នេះ បានជួយសម្របសម្រួល និងដោះស្រាយរាល់ បញ្ហាប្រឈម ឬរាំងស្ទះនានា ដើម្បីឱ្យបងប្អូនមានភាពងាយ ស្រួល និងបានឆាប់រហ័ស ក្នុងការបំពេញបែបបទឆ្លងដែន និងរកមធ្យោបាយធ្វើដំណើរបន្ត ទៅស្រុកកំណើត។
ករណីពលរដ្ឋមួយចំនួនតូច ដែលគ្មានប័ណ្ណព្រំដែន (Border Pass) និងលិខិតឆ្លងដែន ឬប៉ាស្ព័រ (Passport) សម្រាប់ឆ្លងដែន ដែលត្រូវបានសមត្ថិកិច្ចថៃ ពិនិត្យ និងឃាត់ខ្លួន នៅច្រកព្រំដែននោះ ក៏កម្លាំងមានសមត្ថកិច្ច បានជួយសម្រួលគ្រប់បែបយ៉ាង ជាមួយខាងភាគីថៃ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយនោះ ឲ្យបានធ្វើដំណើរឆ្លងដែន ចេញមកឆាប់រហ័ស មានសុខសុវត្ថិភាព និងភាពកក់ក្តៅ ពោលគឺ មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែន ណាម្នាក់ ជាប់គាំង ឬយឺតយ៉ាវ ឬរង់ចាំយូរ នៅនឹងច្រកព្រំដែន នោះឡើយ។
សូមរំលឹកថា នាដើមខែតុលានេះចំនួនភ្ញៀវពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ១.១៥១ នាក់ ស្រី ១៥៩ នាក់។ រីឯភ្ញៀវបរទេស មាន ៤៥៤ នាក់ ស្រី ១៧៦ នាក់ ។
ដោយឡែក សម្រាប់ពលករខ្មែរគ្មានប័ណ្ណព្រំដែន (Border Pass) និងលិខិតឆ្លងដែន ឬ ប៉ាស្ព័រ (Passport) សម្រាប់ឆ្លងដែន មានចំនួ ១៥២ នាក់ ស្រី ៦៦ នាក់ ៕/V/r