ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានព្រមានអ៊ីរ៉ង់កុំឱ្យចូលរួមក្នុងជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ចំពេលមានការបារម្ភផ្ទុះជម្លោះក្នុងតំបន់កាន់តែធំ ខណៈមេដឹកនាំអ៊ីស្រាអែលបានបង្កើតគណៈរដ្ឋមន្ត្រីសង្គ្រាមបន្ទាន់មួយដើម្បីបង្ហាញពីរណសិរ្សរួបរួម។
យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះអ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សាអស់ជាច្រើនថ្ងៃ ដើម្បីសងសឹកចំពោះការវាយប្រហារកាលពីចុងសប្តាហ៍ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានរំលោភលើរបងព្រំដែនដែលហ៊ុមព័ទ្ធតំបន់ហ្កាហ្សា ហើយបានវាយលុកតាមទីប្រជុំជននិងភូមិនានា ដោយសម្លាប់មនុស្ស ១.២០០ នាក់ របួសជាង ២.៧០០ នាក់ និងចាប់ចំណាប់ខ្មាំងជាច្រើននាក់។
លោកបៃដិនបានបញ្ជូនអ្នកការទូតកំពូលរបស់គាត់គឺលោក អានថូនី ប្លីងកិន ទៅមជ្ឈិមបូព៌ា ដើម្បីបង្ហាញពីការគាំទ្រជាដរាបរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសម្រាប់អ៊ីស្រាអែល ស្វែងរកការដោះលែងឈ្លើយសឹក រួមទាំងជនជាតិអាម៉េរិក និងទប់ស្កាត់កុំឱ្យសង្គ្រាមកាន់តែរីករាលដាល។
ថ្លែងទៅកាន់តុមូលនៃមេដឹកនាំសហគមន៍ជ្វីហ្វនៅទីក្រុងវ៉ាស៊ីនតោន លោកបៃដិនបាននិយាយថា ការដាក់ពង្រាយនាវាយោធានិងយន្តហោះរបស់គាត់ទៅជិតអ៊ីស្រាអែល គួរតែត្រូវបានគេមើលឃើញថាជាសញ្ញាព្រមានចំពោះអ៊ីរ៉ង់ ដែលគាំទ្រក្រុមអ៊ីស្លាមហាម៉ាសនិងក្រុមហេសប៊ូឡារបស់លីបង់។
លោកបៃដិនបាននិយាយថា “យើងបានបញ្ជាក់យ៉ាងច្បាស់ដល់អ៊ីរ៉ង់ ៖ សូមប្រយ័ត្ន”។
ប្រភពពីសហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់ទំនងជាបានដឹងមុនថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានរៀបចំផែនការ “ប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល” ប៉ុន្តែរបាយការណ៍ស៊ើបការណ៍ដំបូងរបស់សហរដ្ឋអាម៉េរិកបានបង្ហាញថា ក្រុមមេដឹកនាំអ៊ីរ៉ង់មួយចំនួនមានការភ្ញាក់ផ្អើលចំពោះការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមនេះពីតំបន់ហ្គាហ្សា។
លោកប្លីងកិនត្រូវគេរំពឹងថានឹងមកដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ ហើយក៏នឹងទៅបំពេញទស្សនកិច្ចនៅហ្សកដានីផងដែរ។ គាត់មិនបានគ្រោងទៅតំបន់វេសប៊ែងដែលកាន់កាប់ដោយអ៊ីស្រាអែលទេ ជាកន្លែងដែលគាត់តែងជួបជាមួយប្រមុខរដ្ឋអំណាចប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាប់បាស (Mahmoud Abbas) ជាធម្មតា៕
លោកបៃដិនថ្លែងទៅកាន់តុមូលនៃមេដឹកនាំសហគមន៍ជ្វីហ្វនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ